យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ កម្ពុជាបានទទួលភ្ញៀវទេសចរប្រមាណ២៩៩,៨៨៨នាក់នៅចុងសប្តាហ៍ទី១ នៃខែឧសភា នេះដោយក្នុងចំណោមភ្ញៀវទេសចរណ៍ទាំងអស់ខាងលើ មានចំនួន ៦១,០២០ នាក់បានសម្រុកទៅលេងកម្សាន្តនៅខេត្តព្រះសីហនុដែលជាតារារះនាទិសនារតី ដែលធ្វើឱ្យខេត្តជាប់សមុទ្រមួយនេះការពារតំណែងជាខេត្តទេសចរណ៍ទាក់ទាញបំផុត ។
ទិសដៅដែលមានភ្ញៀវទេសចរច្រើនជាងគេទីពីរគឺរាជធានីភ្នំពេញដែលទទួលបានភ្ញៀវទេសចរចំនួន ៤០,៤៨០ នាក់ បន្ទាប់មកគឺខេត្តបាត់ដំបង, កំពត, កែប, សៀមរាប និងពោធិ៍សាត់ ។ ក្នុងចំណោមភ្ញៀវទេសចរសរុបចំនួន ២៩៩,៨៨៨ នាក់ មានប្រហែល ២៨៣,៩៩០ នាក់ជាភ្ញៀវទេសចរជាតិ និង ១៥,៨៩៨ នាក់ជាភ្ញៀវទេសចរអន្តរជាតិដែលរស់នៅ និងធ្វើការនៅក្នុងប្រទេស ។
នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ភ្ញៀវទេសចរក្នុងស្រុកប្រមាណ ២,៨ លាននាក់ត្រូវបានកត់ត្រាក្នុងនោះមាន២,៥ លាននាក់ជាភ្ញៀវទេសចរជាតិ កើនឡើង ៤២ភាគរយធៀបនឹងឆ្នាំមុន និងប្រហែល ៣០០,០០០ នាក់ជាភ្ញៀវអន្តរជាតិកើនឡើង ១៣១ ភាគរយ ។
កម្ពុជារំពឹងថា នឹងទទួលភ្ញៀវទេសចរណ៍អន្តរជាតិពី ៦០០,០០០ ទៅ ៧០០,០០០នាក់នៅឆ្នាំនេះ បន្ទាប់ពីរាជរដ្ឋាភិបាលបានបន្ធូរបន្ថយវិធានការចូលប្រទេស ៕
Comments