+85561 777 090
Logo
ខេត្តព្រះសីហនុអាចនឹងក្លាយជាទីក្រុងសេដ្ឋកិច្ចទំនើបដូចទីក្រុងសិនជិន
Updated on: June 7, 2022, 7:13 a.m.
Published on: October 26, 2016, 1:38 a.m.
Realestate News

ខេត្តព្រះសីហនុអាចនឹងក្លាយជាទីក្រុងសេដ្ឋកិច្ចទំនើបដូចទីក្រុងសិនជិន


Horizontal-Ribbon-Editorial next-zhen-chen តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ (SSEZ) ជាតំបន់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិដែលបានចាប់ផ្តើមភាពជាដៃគូជាមួយក្រុមហ៊ុន  Jiangsu Taihu Cambodia International Economic Cooperation Investment Co., Ltd និងក្រុមហ៊ុន Cambodia International Investment Development Group Co., Ltd.

តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ (SSEZ) មានទីតាំងស្ថិតនៅចម្ងាយ៣គីឡូម៉ែត្រពីព្រលានយន្តហោះក្រុងព្រះសីហនុ និង ១២គីឡូម៉ែត្រពីកំពង់ផែទឹកជ្រៅអន្ដរជាតិក្រុងព្រះសីហនុ។ ហើយតំបន់នេះក៏ស្ថិតនៅជិតផ្លូវជាតិលេខ៤ និងមានចម្ងាយ ២១០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ខេត្តព្រះសីហនុជាទីក្រុងកំពង់ផែអន្ដរជាតិតែមួយគត់នៅក្នុងប្រទេសកម្ពុជា។

យោងទៅតាមសារព័ត៌មានកោះសន្តិភាពកម្ពជា ដែលបានចេញផ្សាយកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០១៦ កន្លងទៅថ្មីៗនេះ លោក Jack Chen ដែលជាអគ្គនាយកក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានលើកឡើងថា តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុនឹងប្រែក្លាយជាទីក្រុងសិនជិនប្រទេសកម្ពុជា ដែលមានលក្ខណៈជឿនលឿន មានសក្តានុពលលើវិស័យសេដ្ឋកិច្ច និងឧស្សាហកម្ម ។

តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ (SSEZ) មានផ្ទៃដីសរុបចំនួន ១១,១៣ គីឡូម៉ែត្រការ៉េក្នុងនោះមាន៥,២៨គីឡូម៉ែត្រការ៉េ ជាតំបន់ឧស្សាហកម្មធំៗ។ តំបន់សេដ្ឋកិច្ចពិសេសនេះមានរោងចក្រជាច្រើនដូចជា៖ រោងចក្រវាយនភ័ណ្ឌសម្លៀកបំពាក់ រោងចក្រគ្រឿងម៉ាស៊ីន គ្រឿងអេឡិចត្រូនិក និងឧស្សាហកម្មផលិតកម្មផ្សេងៗទៀតជាច្រើន។

លោក Jack Chen បាននិយាយថា ឆ្លងកាត់ការអភិវឌ្ឍន៍រយៈពេល៨ឆ្នាំតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុបានបង្កើតជាសួនឧស្សាហកម្មអន្តរជាតិស្រូបយកសហគ្រាស ការវិនិយោគ និងមានវិនិយោគិនមកពីប្រទេសចិន ជប៉ុន បារាំង កូរ៉េខាងត្បូង និងសហភាពអឺរ៉ុបជាដើម។ បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសមួយនេះមានសហគ្រាសចំនួន១០៣ ក្នុងនោះ៨៨សហគ្រាស កំពុងដំណើរការ និងដោះស្រាយជីវភាពការងារជូនកម្មករ កម្មការិនីបានជាង១៦ម៉ឺននាក់ ។

ជាមួយគ្នានេះដែរលោក Chen បានថ្លែងថា៖ “ទិសដៅខាងមុខតំបន់សេដ្ឋកិច្ចពិសេសនេះនឹងមានរោងចក្រចំនួន៣០០សហគ្រាសមកវិនិយោគដែលអាចស្រូបយកកម្លាំងពលកម្មចំនួន២០ម៉ឺននាក់។”

ក្រៅពីផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋតំបន់សេដ្ឋកិច្ចពិសេសបានជួយបណ្តុះបណ្តាលភាសាចិនដល់កម្មករ កម្មការិនី សិស្សានុសិស្ស និងជួយសាងសង់សាលារៀនក្នុងឃុំបិតត្រាំង ហើយនៅថ្ងៃខាងមុខតំបន់សេដ្ឋកិច្ចពិសេសនឹងសាងសង់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីបង្ហាត់បង្រៀនជំនាញជូនប្រជាពលរដ្ឋកម្ពុជាឲ្យកាន់តែច្រើនដើម្បីប្រកួតប្រជែងសមាហរណកម្មក្នុងតំបន់អាស៊ាន។ ជាមួយគ្នានេះដែរតំបន់សេដ្ឋកិច្ចពិសេសនឹងសាងសង់មន្ទីរពេទ្យមានស្តង់ដាដើម្បីបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋក៏ដូចជាកម្មករកម្មការិនី។

ក្នុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ស៊ី ជីងពីង មកកម្ពុជាកាលពីពេលថ្មីៗនេះ លោកប្រធានាធិបតីក៏បានលើកឡើងពីការរីកចម្រើនយ៉ាងពិតប្រាកដនៃតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុព្រមទាំងបានចង្អុលបង្ហាញពីគម្រោងអនុវត្តន៍កិច្ចសហប្រតិបត្តិការល្អក្នុងតំបន់សេដ្ឋកិច្ចដែលជាគំរូនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសចិននិងកម្ពុជា ដោយផ្តើមពីគំនិតបង្កើតកិច្ចសហប្រតិបត្តិការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រ “ខ្សែក្រវាត់មួយផ្លូវមួយ” ។

"តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុនឹងជួយបង្កើនឱកាស និងបង្កើនជីវភាពសម្រាប់ពលរដ្ឋក្នុងតំបន់។ គម្រោងក៏នឹងបម្រើជាផលប្រយោជន៍ជូនប្រទេសជាតិទាំងមូលផងដែរ"  នេះជាការលើកឡើងរបស់លោក Chen។

អានបន្ថែមពីគម្រោងអភិវឌ្ឍន៍នៅខេត្តព្រះសីហនុ នៅលើ Realestate.com.kh
resized-magazine-issue-2

Click here to download your free copy!

Comments