ខេត្តព្រះសីហនុ ៖ ផ្លូវក្រោមដីសម្រាប់អ្នកដំណើរថ្មើរជើងចំនួន២កន្លែងនៅតាមបណ្តោយផ្លូវជាតិលេខ៤នៅខេត្តព្រះសីហនុសាងសង់ឡើងដើម្បីបង្កលក្ខណៈងាយស្រួល ដល់សិស្សានុសិស្ស កម្មករ កម្មការិនី បានឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព ខណៈទីតំាងនេះមានស្ថានភាពចរាចរណ៍មមាញឹកខ្លំាង ងាយគ្រោះថ្នាក់ និងស្ទះចរាចរណ៍ជាញឹកញាប់ ពេលនេះការសាងសង់សម្រេចជាស្ថាពរហើយ ប៉ុន្តែនៅមិនទាន់ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនោះទេ ។
តាមប្រភពអ្នកនាំពាក្យសាលាខេត្តព្រះសីហនុលោក ឃាង ភារម្យ បានឱ្យដឹងថា ការសាងសង់ផ្លូវក្រោមដីនៅក្នុងក្រុងព្រះសីហនុនេះរួចរាល់ហើយ ប៉ុន្តែនៅមិនទាន់សម្រេចដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅឡើយនោះទេ ពីព្រោះផ្លូវក្រោមដីទី១នៅចំណុចវិទ្យាល័យ ឃ្លាំងលើ គឺសាលាបានបិទជាបណ្ណោះអាសន្នទើបមិនមានសិស្សសាលាឆ្លងកាត់ដូច្នេះទើបមិនមានការប្រើប្រាស់ជាបណ្តោះអាសន្ន ។
អ្នកនាំពាក្យខាងលើក៏បានឱ្យដឹងបន្ថែមផងដែរថា ចំណែកផ្លូវក្រោមដីទី២ ដែលស្ថិតនៅមុខរោងចក្រមួយកន្លែង ហើយរោងចក្រនោះក៏បានផ្អាកដំណើរការអាជីវកម្ម ដោយសារបញ្ហាជំងឺកូវីដ១៩ ក៏មិនមានការប្រើប្រាស់ជាបណ្តោះអាសន្នដូចគ្នា ។
ឯកឧត្តមឧត្ដមសេនីយ៍ទោ វង្ស សំអាត អគ្គមេបញ្ជាការរងកងវិស្វកម្ម សម្តេចតេជោ ហ៊ុន សែន សៀមរាប និងជាអ្នកដឹកនាំគម្រោងសាងសង់នេះធ្លាប់មានប្រសាសន៍ថា ៖«ផ្លូវថ្មើរជើងក្រោមដីនេះ ក្រៅពីសម្រាប់ដើរហើយនោះ ក៏មានផ្លូវដែលសម្រាប់ឱ្យប្រជាពលរដ្ឋអាចបណ្តើរកង់ និងម៉ូតូឆ្លងកាត់បានផងដែរ ។ ការសាងសង់ផ្លូវថ្មើរជើងក្រោមដីបានផ្តល់ប្រយោជន៍ជាច្រើន ដែលរក្សាបាននូវភាពឆ្លងថ្នល់កុំឱ្យស្ទះចរាចរណ៍ រក្សាបាននូវជីវិត និងសុវត្ថិភាពរបស់ប្រជាជន និងជាមុខមាត់របស់ប្រទេសជាតិ ដែលជាការអភិវឌ្ឍន៍ខេត្តជាប់ឆ្នេរសមុទ្រមួយនេះ» ។
គួររម្លឹកផងដែរថា គម្រោងសាងសង់ផ្លូវថ្មើរជើងក្រោមដីនេះបានចាប់ផ្តើមការសាងសង់កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២០ ។ ផ្លូវនេះមានប្រវែង២៩ម៉ែត្រ ទទឹង ៧ម៉ែត្រ និងកម្ពស់ប្រហែលជាង៣ម៉ែត្រ ដែលមានជណ្តើរឡើង មានប្រព័ន្ធបូមទឹកចេញ មានកង្ហារសម្រាប់បញ្ជូនខ្យល់ចូល និងមានប្រព័ន្ធភ្លើងបំភ្លឺផងដែរ ។ ផ្លូវថ្មើរជើងក្រោមដីទាំង២ខ្សែនេះ មួយកន្លែងស្ថិតនៅចំពីមុខវិទ្យាល័យ ហ៊ុន សែន ឃ្លាំងលើ និងមួយកន្លែងទៀតស្ថិតនៅទីប្រជុំជនរោងចក្រ ៕
ដើម្បីទទួលបានព័ត៌មានថ្មីៗ និងចំណេះដឹងផ្នែកអចលនទ្រព្យមុនគេកុំភ្លេច (ចុចលើរូបភាព Join ខាងក្រោម)
Comments