+85561 777 090
Logo
រដ្ឋាភិបាលដាក់ចេញគោលការណ៍ ៣ ចំណុចសំខាន់ ដើម្បីធានាភាពរឹងមាំដល់ការស្ថាបនាផ្លូវទាំង ៣៤ ខ្សែក្នុងខេត្តព្រះសីហនុ
Updated on: June 3, 2022, 1:09 a.m.
Published on: November 19, 2019, 2:56 a.m.

រដ្ឋាភិបាលដាក់ចេញគោលការណ៍ ៣ ចំណុចសំខាន់ ដើម្បីធានាភាពរឹងមាំដល់ការស្ថាបនាផ្លូវទាំង ៣៤ ខ្សែក្នុងខេត្តព្រះសីហនុ


ផ្លូវនៅក្នុងខេត្តព្រះសីហនុផ្លូវនៅក្នុងខេត្តព្រះសីនុ(ស្ថានភាពផ្លូវនៅក្នុងក្រុងព្រះសីហនុ ដែលកំពុងស្ថិតក្ន​ងដំណាក់កាលសាងសង់នៅពេលចប្ចុប្បន្ន)

ប្រមុខរដ្ឋាភិបាល លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកថាការបើកការដ្ឋានសាងសង់ផ្លូវទាំង ៣៤ ខ្សែរ  ដែលត្រូវចំណាយថវិការដ្ឋប្រមាណជិត ៣០០ លានដុល្លារសហរដ្ឋអាមេរិកនោះ គឺព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត និងជាការបើកទំព័រសករាជថ្មីសម្រាប់ទឹកដីខេត្តព្រះសីហនុ។

ការលើកឡើងបែបនេះត្រូវបានធ្វើឡើងនៅក្នុងពិធីបើកការដ្ឋានស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៤ខ្សែ មានប្រវែង ៨៤,៥០៥ ម៉ែត្រ នៅក្នុងខេត្តព្រះសីហនុកាលពីពេលថ្មីៗនេះ។

នាឱកាសនោះ លោក គួច ចំរើន អភិបាលនៃ គណៈអភិបាលខេត្តព្រះសីហនុ បានលើកឡើងថា  ស្របជាមួយយុទ្ធសាស្រ្តរបស់រាជរដ្ឋា ភិបាល ក្នុងគោលដៅប្រែក្លាយក្រុងព្រះសីហនុ ទៅជាទីក្រុងទំនើបដែលមានសោភ័ណភាព បរិស្ថានល្អសម្រាប់ការរស់នៅ ទេសចរណ៍ និងធុរកិច្ច ជាពិសេសធានាបានគុណភាពខ្ពស់ រឹងមាំ ប្រើប្រាស់បានយូរអង្វែង ហេតុនេះការស្ថាបនាផ្លូវទាំង ៣៤ ខ្សែ ត្រូវគោរពតាមគោលការណ៍ និងលក្ខណៈបច្ចេកទេស។

លក្ខណៈបច្ចេកទេសចំនួន ៣ ចំណុចសំខាន់ៗរួមមាន៖

- ចំណុចទី១ គោរពតាមផែនការរៀបចំដែនដីខេត្តព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣០ ដែលត្រូវដាក់ឲ្យប្រើប្រាស់ដោយអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០១៨។

- ចំណុចទី២ កំណត់អ័ក្សផ្លូវតាមចំណុចកណ្តាលនៃដីចំណីផ្លូវសាធារណៈស្របតាមប្លង់សុរិយោដី។

- និងចំណុចទី៣ សាងសង់តាមគម្រោងប្លង់បច្ចេកទេសលម្អិត (detailed design) នៃខ្សែផ្លូវនីមួយៗ ដែលសិក្សាដោយ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា អនុលោមតាមបទដ្ឋានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៖

  • ទ្រូងផ្លូវធ្វើពីបេតុងកម្រាស់ ២៥០ មីលីម៉ែត្រ ក្រាលកៅស៊ូបេទីម (Asphalt Concrete) កម្រាស់ ៧០ មីលីម៉ែត្រ បេតុងត្រូវពង្រឹងដោយប្រើដែកសរសៃទំហំ ១២ មីលីម៉ែត្រ
  • ចិញ្ចើមផ្លូវមានផ្លូវថ្មើរជើងក្រាលសន្លឹកបេតុង (Concrete Slab)និង ផ្លូវជិះកង់ទទឹង ១,៥០ ម៉ែត្រ ក្រាលកៅស៊ូបេទីមកម្រាស់ ៥០ មីលីម៉ែត្រ មានដាំស្មៅ និងដើមឈើជាផ្ទៃបៃតងជ្រាបទឹក
  • ដាំដើមតែ និងរុក្ខជាតិលម្អនៅតាមផ្លូវដែលមានខឿនសួនកណ្ដាលចែកទ្រូងផ្លូវ
  • បង្កប់លូទឹកភ្លៀងមុខកាត់ ១ ម៉ែត្រ និងលូទឹកកខ្វក់មុខកាត់ ១ម៉ែត្រ តាមបណ្តាយសងខាងផ្លូវ
  • មានបង្គោលភ្លើងបំភ្លឺសាធារណៈ
  • មានគំនូសចរាចរណ៍ និងផ្លាកសញ្ញាចរាចរណ៍តាមបទដ្ឋានបច្ចេកទេស។
  • ផ្លូវសំខាន់ៗនឹងត្រូវបំពាក់កាមេរ៉ាសុវត្ថិភាព ។

តាមរយៈ ការស្ថាបនាផ្លូវទាំង៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ ដែលនឹងត្រូវគោរពតាមគោលការណ៍​សំខាន់​ៗ៣​ចំណុចនេះ រដ្ឋាភិបាលរំពឹងថា ក្រុងព្រះសីហនុនឹងប្រែមុខមាត់ថ្មី ក្លាយទៅជាទីក្រុងពហុបំណងមានសុវត្ថិភាព ដែលទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគ តាមរយៈ ផ្លូវថ្នល់ធំ ស្អាតទូលាយ រួមជាមួយនឹងអាគារខ្ពស់ៗ រាប់ពាន់ ដែលបានកើតឡើងព្រមៗគ្នាផងដែរ៕

ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅខេត្តព្រះសីហនុ អចលនទ្រព្យសម្រាប់ជួលនៅខេត្តព្រះសីហនុនៅថ្ងៃនេះ!

ចុះឈ្មោះប្រកួតប្រជែងពានរង្វាន់អចលនវត្ថុ២០១៩

 

Comments