+85561 777 090
Logo
លោក សុត វីរៈ៖ ៥ ចំណុចដែលធ្វើតម្លៃអចលនទ្រព្យតំបន់មួយបន្តកើនឡើង
Updated on: May 21, 2022, 8:02 a.m.
Published on: June 13, 2019, 4:36 a.m.

លោក សុត វីរៈ៖ ៥ ចំណុចដែលធ្វើតម្លៃអចលនទ្រព្យតំបន់មួយបន្តកើនឡើង


វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាកំពុងតែមានការកើនឡើងជាលំដាប់ ខណៈដែលការវិនិយោគពីបរទេសកំពុងតែបោះជំហានចូលមកកម្ពុជាកាន់យ៉ាងច្រើន។ នេះអាចហេតុផលមួយដែលជំរុញតម្លៃដីនៅតាមតំបន់ផ្សេងៗ និងទីក្រុងសំខាន់ៗ មិនថាខេត្តជាប់មាត់សមុទ្រ ឬខេត្តជាប់ព្រំដែននោះទេគឺបានកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់។  

បើតាមអ្នកជំនាញ តម្លៃអចលនទ្រព្យអាចបន្តកើនឡើងជានិច្ច ដោយសារមូលហេតុសំខាន់ៗជាច្រើន។ លោក សុត វីរៈ នាយកប្រតិបត្តិរបស់ក្រុមហ៊ុ​ន CamProf Services បានបង្ហាញពីលក្ខណៈពិសេស ៥ ចំណុច ដែលជំរុញតម្លៃអចលនទ្រព្យឲ្យកើនឡើង។

១. ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មជុំវិញតំបន់នោះ

ការកើនឡើងនៃតម្លៃអចលនទ្រព្យមួយ គឺអាស្រ័យទៅលើសេវាកម្មផ្សេងៗ ដែលបំរើដល់សេចក្តី ត្រូវការរបស់តំបន់នោះ និងការផ្គត់ផ្គង់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់។ ជាទូទៅ អ្នកដែលមានបំណងទិញអចលនទ្រព្យ តែងសម្លឹងមើលទៅកត្តា ហេដ្ឋារចនាសម្ព័ន្ធដូចជា៖  ផ្លូវថ្នល់ ថាតើវាមានលក្ខណៈសមស្រប ដើម្បីបំពេញតម្រូវការនៃការធ្វើដំណើរ ចេញចូលបានយ៉ាងាយស្រួលដែរឬទេ?

ដូច្នេះ នៅពេលដែលមានផ្លូវថ្នល់ល្អ ធំទូលាយ និងងាយស្រួលសម្រាប់ការធ្វើដំណើរចេញចូល តម្លៃអចលនទ្រព្យ ក៏មានការកើនឡើងផងដែរ។ លើសពីនេះទៅទៀត ស្ថានភាពជុំវិញ ដែលសំដៅទៅដល់មន្ទីរពេទ្យ ផ្សារ សាលារៀន ភោជនីយដ្ឋាន និងកន្លែងផ្តល់សេវាកម្មផ្សេងៗ ដែលបំពេញដល់សេចក្តីត្រូវសម្រាប់តំបន់នោះ ក៏ជាកត្តាសំខាន់ដែលធ្វើឲ្យតម្លៃអចលនទ្រព្យ នោះកើនឡើងផងដែរ។

ជាក់ស្តែង តម្លៃផ្ទះមួយឯកតារបស់បុរីប៉េងហួតនៅតំបន់ផ្លូវ ៦០ ម៉ែត្រ មានតម្លៃថ្លៃជាង ស្ទើរតែពាក់កណ្តាលបើប្រៀបធៀបទៅនឹងតម្លៃផ្ទះប្រភេទដូចគ្នារបស់បុរីប៉េងហួតដដែល នៅតំបន់ផ្សេង។ ភាពខុសគ្នានេះ ដោយសារតែកត្តាហេដ្ឋារចនាសម្ព័ន្ធ និងស្ថានភាពជុំវិញ នៅតំបន់ផ្លូវ ៦០ ម៉ែត្រ ដែលមានស្ថានភាពល្អជាងតំបន់ផ្សេងៗ។

២. កំណើនតម្រូវការ និងការផ្គត់ផ្គង់តិច

ក្នុងន័យសេដ្ឋកិច្ច នៅពេលដែលមានតម្រូវការកើនឡើងខ្ពស់ស្របពេល ដែលការផ្គត់ផ្គង់ ធ្លាក់ចុះ ជាទូទៅវាធ្វើឲ្យតម្លៃនៃអចលនទ្រព្យនោះកើនឡើង។ ជាក់ស្តែង តម្លៃអចលនទ្រព្យ នៅតំបន់ឧទ្យានបាសាក់ កើនឡើងយ៉ាងខ្លាំងក្នុងពេលបច្ចុប្បន្ននេះ ដោយសារតែការផ្គត់ផ្គង់ ប្រភេទផ្ទះដែលនៅក្នុងក្រុង និងមានទីធ្លាធំមានការធ្លាក់ចុះ។ តម្លៃនៅបឹងកេងកង១ និងអចលនទ្រព្យនៅកោះពេជ្រក៏ដើរតាមលំអានដូចគ្នានេះដែរ។

៣. ប្រាក់ចំណេញក្នុងការវិនិយោគ

ស្របពេលដែលអចលនទ្រព្យមានការរីកចម្រើន មនុស្សមួយចំនួនទិញអចលនទ្រព្យដើម្បីជួល ឬលក់បន្តក្នុងគោលបំណងដើម្បីទទួលបានប្រាក់ចំណេញ។ សកម្មភាពប្រភេទនេះក៏រួមចំណែកក្នុងការធ្វើឲ្យតម្លៃអចលនទ្រព្យឡើងថ្លៃផងដែរ។

ជាទូទៅ អ្នកដែលសម្លឹងឃើញផលចំណេញតាមរយៈសកម្មភាពនេះ តែងទិញផ្ទះ ឬដីក្នុងតម្លៃ ជាក់លាក់មួយ ហើយលក់ ឬជួលត្រឡប់ក្នុងតម្លៃខ្ពស់ជាងនេះ ដែលជាទូទៅអាចខ្ពស់ជាង ១០% ឬខ្ពស់ជាងនេះ។

៤. ផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាល ឬក្រុមហ៊ុនឯកជន

នៅពេលដែលមានក្រុមហ៊ុន ឬរដ្ឋាភិបាលអភិវឌ្ឍតំបន់ណាមួយ វានឹងធ្វើឲ្យតម្លៃនៅជុំវិញ តំបន់នោះកើនឡើងយ៉ាងខ្លាំង។ គេសង្កេតឃើញស្ថានភាពបែបនេះ នៅពេលដែលមានការសាងសង់គម្រោងផ្សារអុីអនទាំង ២ ដែលធ្វើឲ្យតម្លៃដី និងផ្ទះនៅតំបន់ជុំវិញនោះ កើនឡើងយ៉ាងគំហុក។ ជាក់ស្តែង តម្លៃដីនៅជុំវិញផ្សារអុីអន សែន សុខ កើនឡើងលើសពីពាក់កណ្តាលក្រោយពេលដែលគេមានគម្រោងសាងសង់ផ្សារទំនើបនេះ។

ស្ថានភាពនេះ មិនមែនកើតឡើងត្រឹមតែគម្រោងឯកជនប៉ុណ្ណោះទេ គម្រោងអភិវឌ្ឍន៍របស់រដ្ឋ ក៏ធ្វើឲ្យតម្លៃអចលនទ្រព្យកើនឡើងផងដែរ។ ជាក់ស្តែងយើងសង្កេតឃើញថា តម្លៃដីបានការកើនឡើងខ្ពស់ នៅពេលដែលរដ្ឋាភិបាលបានប្រកាសសាងសង់ព្រលានយន្តហោះ​ តួយ៉ាងដូចជា ព្រលានយន្តហោះនៅខេត្តសៀមរាប ឬព្រលានយន្តហោះស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលបានប្រកាសកាលពីឆ្នាំកន្លងទៅ។

៥. ទីតាំងដែលមានភាពងាយស្រួល

ការទិញលក់អចលនទ្រព្យ អាស្រ័យយ៉ាងខ្លាំងលើភាពងាយស្រួលនៃទីតាំងរបស់អចលនទ្រព្យ ផងដែរ។ អ្នកទិញតែងព្យាយាមចង់បានផ្ទះ ឬដី ដែលស្ថិតនៅតំបន់ងាយស្រួល ដែលមាន ផ្តល់សេវាកម្មផ្សេងៗតាមតម្រូវការ។ យើងសង្កេតឃើញជាក់ស្តែងតំបន់បឹងកេងកង១ ដែលជាទីតាំងសំបូរទៅដោយហាងកាហ្វេ ភោជនីយដ្ឋាន អង្គការផ្សេងៗ និងកន្លែងផ្តល់សេវាកម្មជាច្រើនទៀត។ ដូច្នេះ តម្លៃអចលនទ្រព្យនៅតំបន់នោះ ក៏កើនឡើងជាងតំបន់ផ្សេងៗផងដែរ៕

ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅកម្ពុជា ឬតាមដានព័ត៌មានថ្មីៗពីវិស័យអចលនទ្រព្យ សូមចូលទៅកាន់ Realestate.com.kh!






Comments