+85561 777 090
Logo
គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់មកផ្លូវជាតិលេខ៥សម្រេចបានចំនួន ៥៨,៤៨%
Updated on: September 20, 2022, 7:35 a.m.
Published on: September 20, 2022, 7:35 a.m.

គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់មកផ្លូវជាតិលេខ៥សម្រេចបានចំនួន ៥៨,៤៨%


រាជធានីភ្នំពេញ ៖ ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូពីចម្ងាយ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទីប្រឹក្សាត្រួតពិនិត្យបច្ចេកទេស និងមន្រ្តីជំនាញបច្ចេកទេសគម្រោងពាក់ព័ន្ធ ។ កិច្ចប្រជុំនេះធ្វើឡើងនាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្ដីការក្រសួង ។
 
 
កិច្ចប្រជុំនេះមានការចូលរួមធ្វើបទបង្ហាញពីទីប្រឹក្សាត្រួតពិនិត្យបច្ចេកទេសគម្រោងស្តីពីវឌ្ឍនភាពនៃការ អនុវត្តគម្រោង បញ្ហាប្រឈមមួយចំនួនទាក់ទងនឹងការនាំចូលសម្ភារៈវត្ថុធាតុដើម បញ្ហាទាក់ទងនឹងកង្វះ វិស្វករនៅការដ្ឋាន និងភ្លៀងធ្លាក់ច្រើនបង្កឧបសគ្គដល់ការអនុវត្តគម្រោង ជាដើម។
 
 
ទន្ទឹមនឹងនេះ អង្គប្រជុំបានពិនិត្យ និងពិភាក្សាលម្អិតលើវឌ្ឍនភាពការងារ ការនាំចូលសម្ភារៈវត្ថុធាតុដើម ការបែងចែកកម្លាំងពលកម្ម-កម្មករជំនាញតាមអគារនីមួយៗ និងបញ្ហាប្រឈមនានា ព្រមទាំងបានស្នើ ឱ្យទីប្រឹក្សាត្រួតពិនិត្យបច្ចេកទេសរៀបចំផែនការលម្អិតលើការងារនាំចូលសម្ភារៈវត្ថុធាតុដើម និងការសាងសង់ ដើម្បីតាមដាន ត្រួតពិនិត្យ និងជំរុញឱ្យក្រុមហ៊ុនCM Grand Development និងTan Kim Eng អនុវត្តគម្រោងឱ្យសម្រេចតាមផែនការដែលបានសន្យា។
 
សូមជម្រាបជូនថា៖ យោងតាមរបាយការណ៍របស់អង្គភាពគ្រប់គ្រងគម្រោង គិតត្រឹមថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២២នេះ គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់មកផ្លូវជាតិលេ៥ សម្រេចបានចំនួន ៥៨,៤៨%ហើយ៕

Comments