កាលពីថ្ងៃទី២៦ មេសា កន្លងទៅថ្មីៗនេះ ក្នុងពិធីប្រកាសចូលកាន់តំណែងមន្ត្រីពន្ធដារនៅសាលារាជធានីភ្នំពេញអគ្គនាយក នៃអគ្គនាយកពន្ធដារ បានលើកឡើងថា អគ្គនាយកដ្ឋានពន្ធដារកំពុងរៀបចំចេញវិក្កយបត្របង់ពន្ធអចលនទ្រព្យប្រចាំឆ្នាំ និងបញ្ជូនវិក្កយបត្រដល់ផ្ទះតែម្តងសម្រាប់អ្នកដែលជាប់ពន្ធទាំងអស់ ។
អគ្គនាយកដ្ឋានពន្ធដារកំពុងណែនាំដល់អង្គភាពក្រោមឱវាទ ឱ្យចេញវិក្កយបត្រអចលនទ្រព្យ ហើយផ្ញើទៅគេហដ្ឋានរៀងៗខ្លួន ដូចទៅនឹងវិក្កយបត្រទឹក ភ្លើងអញ្ចឹងដែរ ដើម្បីរំលឹកដល់អ្នកជាប់ពន្ធ កុំឱ្យភ្លេចបង់ពន្ធ ។ នេះបើតាមប្រសាសន៍របស់លោក គង់ វិបុល អគ្គនាយក នៃអគ្គនាយកពន្ធដារ ។
ការបង់ពន្ធអចលនទ្រព្យប្រចាំឆ្នាំ គឺជាកាតព្វកិច្ចរបស់អ្នកដែលជាប់ពន្ធត្រូវបង់ចាប់ពីខែមករា ដល់ខែកញ្ញាជារៀងរាល់ឆ្នាំ ។ ហើយបច្ចុប្បន្នអគ្គនាយកដ្ឋានពន្ធដារក៏បានស្នើសុំកិច្ចសហប្រតិបត្តិការពីអាជ្ញាធរមូលដ្ឋាន ក្នុងករណីដែលផ្ទះអ្នកជាប់ពន្ធរកមិនឃើញតាមភូមិ-ឃុំ និងស្រុក ដើម្បីជួយស្វែងរកលំនៅឋានរបស់អ្នកជាប់ពន្ធ ។
ក្នុងនោះផងដែរ អគ្គនាយកដ្ឋានពន្ធដារ បាន និងកំពុងបង្កើតប្រព័ន្ធដាក់ស្លាកសញ្ញាបង់ពន្ធលើអចលនទ្រព្យដែលត្រូវបង់ក្នុងគោលបំណងពង្រឹងតម្លាភាពនៃការបង់ពន្ធក្នុងវិស័យអចលនទ្រព្យ ។ លោក គង់ វិបុល ក៏ធ្លាប់បានមានប្រសាសន៍ផងដែរថា ប្រព័ន្ធគ្រប់គ្រងកូដត្រូវបានបង្កើតឡើងដើម្បីសម្គាល់អចលនទ្រព្យ ឬផ្ទះបុគ្គលដែលបានបង់ពន្ធអចលនទ្រព្យរួចហើយ ៕
Comments