នាព្រឹកថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វាយតម្លៃពាក់កណ្តាលអាណត្តិនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ (IDP MTR) តាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពរបស់ឯកឧត្ដម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន ក.អ.ក. ។
យោងប្រព័ន្ធទិន្នន័យស្តីពីហិរញ្ញប្បទានសហប្រតិបត្តិការកម្ពុជាបង្ហាញថា ក្នុងចន្លោះឆ្នាំ២០១៥-២០២០ ដៃគូអភិវឌ្ឍន៍បានបើកផ្តល់ហិរញ្ញប្បទានប្រមាណ ១.២៨៧,២លានដុល្លារអាមេរិក ជាមធ្យម ២១៥លានដុល្លារអាមេរិកក្នុងមួយឆ្នាំសម្រាប់គាំទ្រការអនុវត្តគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា (IDP) ។
សិក្ខាសាលាផ្សព្វផ្សាយនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងជម្រាបជូនដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន អំពី (១) ខ្លឹមសារសំខាន់ៗនៃរបាយការណ៍វាយតម្លៃពាក់កណ្តាលអាណត្តិនៃការអនុវត្តគោលនយោបាយ IDP ដែលត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ និង (២)បច្ចុប្បន្នភាពនៃការកែសម្រួលឯកសារគោលនយោបាយ IDP ក្រោមការដឹកនាំរបស់ឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ។
សិក្ខាសាលារយៈពេលមួយព្រឹកនេះមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាតំណាងអង្គទូត នៃបណ្តាប្រទេសប្រចាំកម្ពុជា អ្នកជំនាញការ តំណាងសមាគមវិនិយោគិន និងសភាធុរកិច្ចបរទេសនៅកម្ពុជា និងដៃគូអភិវឌ្ឍន៍សរុបចំនួនប្រមាណ៩០រូប ៕
Comments