លោក Michael Newbill អនុប្រធានបេសកកម្មនៃស្ថានទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើឡើងថា ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរខេត្តកាន់តែល្អប្រសើរថែមទៀត សហរដ្ឋអាមេរិកមានគោលបំណងសំខាន់ចំនួន ៣ ចំណុចចង់ជួយ និងធ្វើការវិនិយោគនៅខេត្តព្រះសីហនុ។
ការលើឡើងពីសំណាក់លោក Michael Newbill អនុប្រធានបេសកកម្មនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជានាឱកាសលោកចូលជួបជាមួយ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីឈ្វេងយល់បន្ថែម និងស្វែងរកមធ្យោបាយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរខេត្តព្រះសីហនុនៅសាលាខេត្តព្រះសីហនុកាលពីពេលថ្មីៗនេះ។
នាឱកាសជំនួបនោះ លោក Michael Newbill បានឱ្យដឹងបន្តថា ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ជាមួយអាជ្ញាធរខេត្តកាន់តែល្អប្រសើរថែមទៀត គោលបំណងដែលសហរដ្ឋអាមេរិក ចង់ជួយ និងធ្វើការវិនិយោគនៅខេត្តព្រះសីហនុ គឺផ្តោតលើ ៣ ចំណុចសំខាន់ៗ ក្នុងនោះមានដូចជា ទី១ ចង់ផ្តល់អ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធ ទី២ ចង់ជួយបណ្តុះបណ្តាលធនធានមនុស្សផ្នែកភាសាអង់គ្លេស និងកីឡា និងទី៣ មានបំណងនាំក្រុមហ៊ុនរបស់អាមេរិកមកវិនិយោគលើផ្នែកអចលនទ្រព្យ ពិសេសលើវិស័យថាមពលអគ្គីសនីនៅខេត្តព្រះសីហនុ។
ទំនាក់ទំនងរវាងកម្ពុជា-អាមេរិក
នាឱកាសនោះដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានឱ្យដឹងដែរថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិកមានទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការល្អ ធ្វើឱ្យកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយ។ លើសពីនេះ លោកថា សហរដ្ឋអាមេរិកមានកិច្ចសហប្រតិបត្តិការជាមួយខេត្តព្រះសីហនុលើសកម្មភាពការងារសមយុទ្ធរវាងកងកម្លាំងកងទ័ពជើងទឹកសហរដ្ឋអាមេរិក និងកងទ័ពជើងទឹកមូលដ្ឋានសមុទ្របានជួយឧបត្ថម្ភគាំទ្រ សាងសង់ និងជួសជុលអគារធ្វើការនៅមូលដ្ឋានសមុទ្រ និងការងារសង្គមមួយចំនួននៅក្នុងក្រុងព្រះសីហនុ ។
ក្រៅពីនេះ លោកថា កន្លងមកសហរដ្ឋអាមេរិកជួយឧបត្ថម្ភគាំទ្រដល់វិស័យអប់រំ ក្នុងនោះមានសាងសង់ និងជួសជុលសាលារៀន បន្ទប់ទឹកសិស្ស ជីកអណ្ដូងទឹកជាដើម និងគាំទ្រដល់វិស័យសុខាភិបាល ក្នុងនោះរួមមាន សង់អគាររង់ចាំនៅមណ្ឌលសុខភាព និងបំពាក់បរិក្ខារពេទ្យ ។ ចំពោះវិស័យសេដ្ឋកិច្ច សហរដ្ឋអាមេរិកបានជួយបញ្ជាទិញទំនិញជាច្រើនពីរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេស។ ខេត្តព្រះសីហនុបានបង្កើតទំនាក់ទំនងខេត្តបងប្អូនជាមួយនឹងក្រុងស៊ីអាថុល សហរដ្ឋអាមេរិក ចាប់ពីឆ្នាំ២០០០ និងទទួលបាននូវជំនួយមនុស្សធម៍ មានដូចជាការពិនិត្យព្យាបាលជំងឺទូទៅ និងព្យាបាលវះកាត់ភ្នែកចំនួន ២ លើក។
ជាងនេះទៀត ឯកឧត្តម គួច ចំរើន ក៏បានបញ្ជាក់ថា រដ្ឋបាលខេត្តមានផែនការអភិវឌ្ឍទីក្រុងព្រះសីហនុឱ្យទៅទីក្រុងវៃឆ្លាត (Smart City) នាពេលអនាគត។
ឯកឧត្តម អភិបាលខេត្ត ក៏បានស្នើសុំស្ថានទូតអាមេរិកជួយផ្តល់ជំនួយអភិវឌ្ឍធនធានមនុស្ស និងវិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុ និងជួយធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងអ្នកវិនិយោគអាមេរិកមកទេសចរណ៍ និងវិនិយោគនៅខេត្តព្រះសីហនុឱ្យបានកាន់តែច្រើន ព្រោះខេត្តព្រះសីហនុមានសក្តានុពលខ្លាំងលើវិស័យទេសចរណ៍។
យ៉ាងណា ចំពោះការសម្លឹងមើលឃើញរបស់សហរដ្ឋអាមេរិកពីបំណងដែលខ្លួនចង់ធ្វើការវិនិយោគនៅខេត្តព្រះសីហនុនៅពេលនេះត្រូវបានអ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យយល់ថា សហរដ្ឋអាមេរិចចាប់ផ្តើមចង់ងាកមកវិនិយោគ ខណៈពេលដែលជនជាតិចិនមួយចំនួនបានត្រឡប់ជាបន្តបន្ទាប់ពីទៅស្រុកវិញ ក្រោយពីពួកគេរស់នៅ និងរកស៊ីក្នុងខេត្តព្រះសីហនុមួយរយៈពេលកន្លងមក៕
ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅខេត្តព្រះសីហនុ ឬអចលនទ្រព្យសម្រាប់ជួលនៅខេត្តព្រះសីហនុនៅថ្ងៃនេះ។
Comments