+85561 777 090
Logo
៤​ប្រទេស​នេះ​ដើរតួ​នាទី​ធំ​ជាងគេ​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​កម្ពុជា
Updated on: August 25, 2022, 8:08 a.m.
Published on: August 25, 2022, 8:08 a.m.

៤​ប្រទេស​នេះ​ដើរតួ​នាទី​ធំ​ជាងគេ​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​កម្ពុជា


ស្រប​ពេល​ប្រទេស​កម្ពុជា​កំពុង​តែ​មានការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់ វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​មើលឃើញ​ថា មាន​សន្ទុះ​កាន់តែ​កើន​ឡើងជា​លំដាប់ ហើយ​ក៏​ជា​ផ្នែក​មួយ​ដ៏​មាន​សារៈសំខាន់​ក្នុង​ការ​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ក៏​ដូច​ជា​បង្កើត​នូវ​ការងារ​សម្រាប់​ប្រជាពលរដ្ឋ​បាន​យ៉ាងច្រើន ។

ក្នុង​នោះ​ផង​ដែរ ការ​វិនិយោគ​លើ​វិស័យ​សំណង់​រយៈពេល​៦​ខែ​ក្នុង​ឆ្នាំ​២០២២​នេះ​មាន​ប្រមាណ​២០០០​គម្រោង ដែល​មាន​ទុន​វិនិយោគ​១,២០៦​លាន​ដុល្លារ ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ឱ្យ​ពី​ឯកឧត្តម លី រស្មី រដ្ឋលេខាធិការ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ធ្វើ​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន ស្តី​ពី «​សមិទ្ធផល​សម្រេច​បាន​រយៈពេល​៥​ឆ្នាំ​កន្លង​មក របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​» នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី សាល​សេរីភាព ជាន់​ផ្ទាល់​ដី នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២២ កន្លង​ទៅ​នេះ ។

តាម​ការ​គូស​របស់​មន្ដ្រីជាន់ខ្ពស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រូប​នេះ​បានឱ្យ​ដឹងផង​ដែរ​ថា ការ​វិនិយោគ​លើ​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា មានការ​វិនិយោគ​ច្រើន​ពី​បណ្តា​ប្រទេស​សំខាន់​ៗ​ចំនួន​៤​ដែល​ដើរតួ​នាទី​ធំ​នៅ​ក្នុង​ការ​វិនិយោគ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​មានការ​លូតលាស់​យ៉ាង​សកម្ម​រួម​មាន ៖ ទី​១- ប្រទេស​ចិន​, ទី​២- កូរ៉េ​ខាងត្បូង​, ទី​៣- ជប៉ុន និង​ទី​៤-​ ប្រទេស​ថៃ ។

គួរ​រម្លឹក​ផង​ដែរ​ថា គម្រោង​អគារ​ខ្ពស់​ៗ ចាប់ពី​៥​ជាន់ឡើង នៅ​ទូ​ទាំង​ប្រទេស​មាន​ចំនួន ២,៤៧២​អគារ គម្រោង​បុរី​លំនៅ​ឋាន និង​បណ្ដុំ​លំនៅ​ឋាន​មាន​លក្ខណៈ​ជា​បុរី​មាន​ចំនួន ៤៨២​គម្រោង និង​បាន​ផ្តល់​វិញ្ញាបនបត្រ​ប្រកប​អាជីវកម្ម ក្នុង​វិស័យ​សំណង់​ដល់​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​សិក្សា​គម្រោង​ប្លង់ និង​សាងសង់​បាន​ចំនួន ៣,២៤៤​ក្រុមហ៊ុន ៕

Comments