រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន AGENT21 GLOBAL និងភាគីខាងក្រុមហ៊ុនកូរ៉េ GRID WORLD GROUP ក្រុមហ៊ុន BU KWANG CONSTRUCTOIN បានចុះអនុស្សារណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការសម្រាប់ការអភិឌ្ឍន៍ លើវិស័យសំណង់ ស្ថាបត្យកម្ម និង SOLAR នៅកម្ពុជាកាលពីថ្ងៃទី១៦ ខែមិថុនា កន្លងទៅនេះ ។
លោកស្រី លី ច័ន្រ្ទលក្ស្មី នាយិកា ក្រុមហ៊ុន AGENT21 GLOBAL បានថ្លែងថា គោលបំណងថ្ងៃនេះគឺដើម្បីផ្តល់ជូននូវស្តង់ដាសំណង់ដែលមានគុណភាព និងតម្លៃសមរម្យជូនប្រជាជនដែលមានចំណូលមធ្យមដើម្បីចូលរួមអភិវឌ្ឍន៏ប្រទេសកម្ពុជាផងដែរ ។
លោកស្រី នាយិកា លើកទៀតឡើងថា ការចុះអនុស្សារណៈនេះក្រុមហ៊ុន និងសហការជាមួយភាគីកូរ៉េដើម្បីបង្កើតម៉ូតផ្ទះបែប Eco Friendly House ដែលបំពាក់ប្រពន្ធ័សឡា និង សម្ភារៈប្រើប្រាស់ទំនើប និងសន្សំសំចៃថាមពលប្រើប្រាស់នៅក្នុងលំនៅឋានដើម្បីជួយកាត់បន្ថយការចំណាយ និងថែរក្សាបរិស្ថាន ។
លោកស្រី លី ច័ន្រ្ទលក្ស្មី បានបន្ថែមថា តាមពិតទៅការចុះ (MOU) នេះគឺមានគោលបំណងធំដើម្បីសហការគ្នារវាង ក្រុមហ៊ុន AGENT21 GLOBAL ក្រុមហ៊ុន Grid World Group និងក្រុមហ៊ុន Bu Kwang ENC Co,ltd សម្រាប់ការអភិវឌ្ឍន៍គម្រោងជាច្រើនទៀតនៅកម្ពុជា ។
សម្រាប់លោក Kim Hyung Yeol ប្រធានក្រុមហ៊ុន Grid World Group បានលើកឡើងថា មូលហេតុដែលយើងចុះ MOU ជាមួយក្រុមហ៊ុន AGENT21 GLOBAL ដោយសារតែគម្រោងនៅរុនតាឯក គឺខាងក្រុមហ៊ុនបានជួយប្រជាពលរដ្ឋក្រីក្រ ហើយគម្រោងនេះក្រុមហ៊ុនកូរ៉េនឹងផ្ដល់ជូនការសន្សំសំចៃអគ្គិសនីតាមរយៈសូឡាផងដែរ ។
លោកបានលើកឡើងថា តាមរយៈសូឡានេះយើងបានយកបច្ចេកទេសទំនើបពីកូរ៉េដើម្បីផ្ដល់ជូនទៅប្រជាពលរដ្ឋប្រើប្រាស់តាមរយៈការសាងសង់ផ្ទះដែលមានប្រើប្រាស់ថាមពលសូឡា ។
លោកប្រធានបន្ថែមថា តាមជាក់ស្ដែងទៅយើងបានស្គាល់ក្រុមហ៊ុន AGENT21 GLOBAL រយៈពេលយូរមកហើយ តាំងពីមុនមានគម្រោងរុនតាឯកទៅទៀត ។ ហើយតាមរយៈលោកស្រីប្រធានក្រុមហ៊ុន គាត់បានផ្ដល់ទំនុកចិត្ដជាមួយគ្នា ហើយក៏ធ្លាប់បានធ្វើអាជីវកម្មពីមុនមកផងដែរ ។ ដូច្នេះហើយការផ្ដល់ទំនុកចិត្ដនេះខ្ពស់ ទើបយើងចាប់ផ្ដើមគម្រោងនេះជាមួយគ្នាតែម្ដង ។
លោកសង្ឃឹមថា ពេលទៅខាងមុខទៀតកម្រិតជីវកម្មប្រជាពលរដ្ឋកម្ពុជានឹងមានការកើនឡើង ហើយមិនត្រឹមតែប៉ុណ្ណោះទេ កម្ពុជានឹងក្លាយជាប្រទេសអភិវឌ្ឍន៍កាន់តែខ្លាំងឡើងផងដែរ ។
លើសពីនេះ ក្រុមហ៊ុនខាងលើបានផ្តល់ជូនតម្លៃពិសេសជូនក្រុមហ៊ុន AGENT21 GLOBAL ដើម្បីផ្តល់ភាពងាយស្រួលក្នុងការកាត់បន្ថយការចំណាយរបស់ប្រជាជននៅតំបន់រុនតាឯកសម្រាប់សង់ផ្ទះជូនដល់ពួកគាត់នៅទីនោះទៀតផង ។
សូមជំរាបជូនផងដែរថា ក្រុមហ៊ុន AGENT21 GLOBAL បានទៅដល់ទីតាំង៣កន្លែងហើយ ដែលក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានប្រគល់សិទ្ធិឲ្យសង់ផ្ទះគំរូជូនប្រជាជននៅតំបន់រុនតាឯក ខេត្តសៀមរាប ។
ក្រុមហ៊ុន AGENT21 GLOBAL ធ្លាប់បាននាំយករចនាម៉ូដផ្ទះដ៏ស្រស់ស្អាត និងជាស្នាដៃលើកដំបូងរបស់ក្រុមហ៊ុន ជូនរាជរដ្ឋាភិបាល ដើម្បីរួមចំណែក ក្នុងការអភិវឌ្ឍន៍តំបន់រុនតាឯកនេះឲ្យក្លាយជាតំបន់អភិវឌ្ឍន៍លើគ្រប់វិស័យ ជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា ។
ហេតុដូច្នោះហើយ គោលបំណងនៃការក្រុមហ៊ុនជំហ៊ានទី១ គឺ ដើម្បីរៀបចំភូមិធម្មជាតិរុនតាឯកឲ្យក្លាយជាភូមិដ្ឋាន មានបរិស្ថានល្អ និងមានកម្រិតតម្លៃសមរម្យសម្រាប់ប្រជាជនក្នុងតំបន់ជាមួយការរស់នៅមានផាសុខភាព លំនៅឋានមានរចនាប័ទ្មជាខ្មែរ និងស្របតាមការរស់នៅរបស់ប្រជាជន ដែលអាចប្រែក្លាយតំបន់រុនតាឯកឲ្យក្លាយជាទីក្រុងគំរូសម្រាប់ការសិក្សាលើគម្រោងបន្តបន្ទាប់ទៀត ៕
Comments