រាជធានីភ្នំពេញជាទីក្រុងដែលមានភាពចម្រុះ និងសក្តានុពលដែលមានផ្តល់ជូនសេវាម្ម យ៉ាងច្រើន។ ទោះយ៉ាងណាក៏ដោយ ច្បាស់ណាស់ថារាជធានីមួយនេះកំពុងខ្វះខាតសួន និងទីធ្លាសាធារណៈផ្សេងទៀត។
ក្នុងទីក្រុងមានតំបន់មួយចំនួនប៉ុណ្ណោះដែលមនុស្សអាចប្រមូលផ្តុំ និងទំនាក់ទំនងសង្គមបាន។ ទាំងនេះរួមមានផ្លូវតាមបណ្តោយមាត់ទន្លេ មហាវិថីព្រះសុរាម្រឹត និងមហាវិថីសហព័ន្ធរុស្ស៊ី។
កន្លែងទាំងនេះមានមនុស្សច្រើននៅពេលដែលព្រះអាទិត្យចាប់ផ្តើមលិច។ មានក្មេងៗមកដើរលេង ក្មេងជំទង់ជិះក្តារស្គីលេង រីឯមនុស្សពេញវ័យវិញហាត់ប្រាណ ដោយការលេងវាយសី ឬរាំតាមចង្វាក់រាំរែកជាដើម។
តាមពិតប្រជាប្រិយភាពនៃតំបន់ទាំងនេះនៅក្នុងរាជធានីភ្នំពេញបង្ហាញថាមានតម្រូវការខ្ពស់។ មនុស្សចង់ចេញក្រៅហើយចូលរួមក្នុងសកម្មភាពផ្សេងៗ។ អាចនិយាយបានថាសួនកុមារ និងសួនសាធារណៈដើរតួនាទីយ៉ាងសំខាន់ក្នុងជីវិតរស់នៅរបស់សហគមន៍ក្នុងមូលដ្ឋាន។ កន្លែងទាំងនោះជួយលើកកម្ពស់ទាំងសុខុមាលភាពផ្លូវចិត្ត និងរាងកាយ។
ទីធ្លាសាធារណៈទៅជារបស់ឯកជន
ជាមួយនឹងអត្ថប្រយោជន៍ទាំងនេះ អ្នកអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនកំពុងដាក់បញ្ចូលទីធ្លារួមនៅក្នុងការរចនាគម្រោងរបស់ពួកគេ។ ការអភិវឌ្ឍន៍ដែលពេញនិយមបំផុតនៅក្នុងរាជធានីរួមមានទីធ្លាសម្រាប់លក់រាយ និងផ្លាហ្សា។
គេអាចឃើញមានដូចជាគម្រោង Urban Village ដែលបានបង្កើតសួនធម្មជាតិនៅក្នុងនោះដែរ រួមទាំងសួនកុមារ និងកន្លែងសកម្មភាពនានានៅក្នុងបរិវេណគម្រោងនេះ។ ការដាក់បន្ថែមគំនិតថ្មីនេះជាធម្មតាមាននិន្នាការផ្តោតលើសហគមន៍រស់នៅបែបធម្មជាតិ។ គម្រោងដែលមានភាពច្នៃប្រឌិតពិតប្រាកដកំពុងផ្តល់នូវទីធ្លាសាធារណៈ អតិបរមាដើម្បីធានាបាននូវលទ្ធផលល្អបំផុតសម្រាប់អ្នករស់នៅ និងអាជីវកម្ម នៅក្នុងគម្រោងទាំងមូល។
ទោះបីមានភាពខ្វះខាតទីធ្លាសាធារណៈក៏ដោយ ក៏តំបន់ដែលអភិវឌ្ឍដោយក្រុមហ៊ុនឯកជននៅ ក្នុងរាជធានីភ្នំពេញកំពុងបោះជំហានទៅមុខដើម្បីរៀបចំការអភិវឌ្ឍទីក្រុង។ ទីធ្លាទាំងនេះ កំពុងបំពេញតម្រូវការសម្រាប់ប្រជាជនក្នុងការធ្វើទំនាក់ទំនងសង្គម និងជួយបង្កើត សហគមន៍នៅក្នុងទីក្រុងរបស់ពួកគេ។ ហើយមិនត្រឹមតែការអភិវឌ្ឍលំនៅដ្ឋានប៉ុណ្ណោះទេ វាក៏បានផ្តល់អត្ថប្រយោជន៍ជាច្រើនផងដែរ។ ផ្សារទំនើបកំពុងរីកចម្រើនដោយបង្កើតទីធ្លា សាធារណៈនៅជាប់នឹងហាងលក់រាយ។ តំបន់ចំនួនពីរ TK Avenue ទួលគោក និងផ្សារទំនើបណូរ៉ូ ដែលនឹងបង្កើតឡើងឆាប់ៗក៏ជាផ្នែកមួយសំខាន់ផងដែរ។
យើងគ្រប់គ្នាបានដឹងអំពីទឹកជំនន់ដ៏ធំដែលបានវាយប្រហារខេត្តព្រះសីហនុក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ រីឯប្រទេសជិតខាងវិញ ទីក្រុងបាងកករបស់ប្រទេសថៃ សួនសាធារណៈជាឆ្អឹងខ្នងនៃយុទ្ធសាស្ត្រការពារទឹកជំនន់របស់ពួកគេ។ ការសិក្សាបង្ហាញថាដើមឈើជួយកាត់បន្ថយផលប៉ះពាល់កំដៅនៃទីក្រុងបានច្រើន និងអាចកាត់បន្ថយសីតុណ្ហភាពព័ទ្ធជុំវិញបានដល់ ១៥ អង្សាសេ។
គោលគំនិតសំខាន់ៗចំនួនបីសម្រាប់ការកែលម្អទីធ្លាសាធារណៈក្នុងទីក្រុងភ្នំពេញ
ក្រុមហ៊ុន COLE ជាក្រុមហ៊ុនស្ថាបត្យកម្ម និងឌីហ្សាញ ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ ដែលបានចាប់អារម្មណ៍ក្នុងការជំរុញការអភិវឌ្ឍទីធ្លាសាធារណៈនៅក្នុងទីក្រុង។ ជាមួយនឹងបញ្ហាទាំងអស់ខាងលើនេះ ក្រុមហ៊ុន COLE បានបំផុសនូវគំនិតចំនួនបី (ប្លែកគេបន្តិច) សម្រាប់បង្កើតទីធ្លាបៃតង បន្ថែមទៀតនៅក្នុងរាជធានី៖
១. ដាំដើមឈើជារបងវត្ត
សាកស្រមៃមើលបើយើងរុះរបងជុំវិញវត្តសំខាន់ៗទាំងនេះចេញហើយដាក់ជំនួសមកវិញដោយដើមឈើ តើល្អកម្រិតណា។ ការធ្វើបែបនេះអាចផ្តល់កន្លែងដ៏អស្ចារ្យសម្រាប់មនុស្សអង្គុយលេង និងរីករាយជាមួយជីវិតតាមដងផ្លូវដែលមានសភាពអ៊ូអរ។
សូមពិនិត្យមើលផែនទីខាងលើដែលយើងបានដៅវត្តសំខាន់ៗមួយចំនួននៅក្នុងទីក្រុង។ ការដាំដើមឈើជារបងវត្តតាមសង្កាត់ភាគច្រើននាំឲ្យមានទីធ្លាសាធារណៈផ្ទាល់ខ្លួន។
២. បង្កើតផ្លូវថ្មើរជើង
ផ្លូវលេខ ២៤០ នឹងក្លាយជាតំបន់អាទិភាពសម្រាប់អ្នកថ្មើរជើង។ អាចធ្វើទៅបានដោយបង្កើតផ្លូវថ្មើរជើងបៃតងរវាងព្រះបរមរាជវាំង និងវិមានឯករាជ្យ។ អ្នកទេសចរ និងភ្ញៀវក្នុងស្រុកអាចឆ្លៀតឱកាសដើរលម្ហែបានតាមផ្លូវសងខាងនេះ។
៣. ការបង្កើតតំបន់រួមសម្រាប់ស្ថានទូត
ការបង្កើតតំបន់ថ្មីសម្រាប់ស្ថានទូតនឹងជួយរំដោះដីសំខាន់ៗដែលមានទេសភាពស្រាប់។ ការធ្វើបែបនេះអាចបន្ថែមទាំងសួនតូចៗ និងសួនទីតាំងនៅកណ្តាលក្រុងធំៗសម្រាប់អ្នករស់នៅភ្នំពេញទាំងអស់ទទួលបានភាពរីករាយ។
គុណប្រយោជន៍មួយទៀតនៃការបង្កើតតំបន់ថ្មីសម្រាប់ស្ថានទូតគឺការធ្វើឱ្យមានភាពស្រស់ថ្លាឡើងវិញនៃតំបន់ដាច់ស្រយាលមួយនៃទីក្រុង ដែលនឹងនាំឱ្យមានមនុស្សកាន់តែច្រើនហើយអាជីវកម្មនៅទីនោះនឹងរីកចម្រើនផងដែរ៕
ស្វែងរកអចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញ ឬអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញនៅថ្ងៃនេះ!
Comments