រដ្ឋបាលរាជធានីភ្នំពេញ បានបើកការដ្ឋានស្ថាបនាស្ពានអាកាសថ្មើរជើង ចំនួន ២កន្លែងនៅត្រង់ទីតាំង ផ្សារដើមគរ និងមុខសាលាបឋមសិក្សាសន្ធរម៉ុក កាលពីចុងខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ យោងតាមទំព័រហ្វេសប៊ុកផ្លូវការរដ្ឋបាលរាជធានីភ្នំពេញ។
ស្ពានទាំងពីរកន្លែងនេះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងស្ថាបនាឱ្យរួចរាល់នៅពាក់កណ្តាល ឆ្នាំ២០២០ ខាងមុខ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព និងមិនមានការប្រឈមគ្រោះថ្នាក់ណាមួយកើតឡើង។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា មូលហេតុដែលនាំឱ្យរដ្ឋបាលសាលារាជធានីសម្រេចបើកការដ្ឋានស្ថាបនាស្ពានអាកាសថ្មើរជើងចំនួន ២កន្លែងនេះ គឺដើម្បីជួយសម្រួលចរាចរណ៍ និងការធ្វើដំណើរឆ្លងកាត់ផ្លូវរបស់ប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្ស ខណៈតំបន់ទំាង២ នេះមានការលំបាកក្នុងការធ្វើដំណើរថ្មើរជើងឆ្លងកាត់ផ្លូវដោយសារតែប្រឈមនឹងចរាចរណ៍មមាញឹក។
ឯកឧត្ដមក៏បានជំរុញឱ្យក្រុមហ៊ុនស្ថាបនាស្ពានអាកាសថ្មើរជើងនៅតំបន់ទំាង ២ កន្លែងនេះត្រូវធ្វើឱ្យរួចរាល់ទាន់តាមផែនការក្នុងរយៈពេល ៦ ខែទៀត ក្នុងអំឡុងពាក់កណ្តាលឆ្នាំ ២០២០ខាងមុខនេះ ។
បើយោងតាមមន្រ្ដីជំនាញបច្ចេកទេសបានឱ្យដឹងថា គម្រោងស្ថាបនាស្ពានអាកាសថ្មើរជើង នៅតំបន់មុខផ្សារដើមគរ គឺឆ្លងកាត់លើមហាវិថីគីម អ៊ីលសុង ខណៈគម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងសន្ធរម៉ុកវិញ គឺស្ថិតនៅលើចំណុចផ្លូវប្រសព្វទំាង ៤ ទិសតែម្តង ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្សបានឆ្លងកាត់ផ្លូវនេះដោយសុវត្ថិភាព។
សូមបញ្ជាក់ថា មកដល់ពេលនេះ រាជធានីភ្នំពេញ មានស្ពានអាកាសថ្មើរជើងចំនួន ៣ កន្លែង ហើយ គឺនៅតំបន់ជម្ពូវ័ន្ដ ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ មានចំនួន ២កន្លែង និងនៅតំបន់ភ្លើងស្តុប នាងគង្ហីង មានចំនួន ១ កន្លែង។ ទន្ទឹមនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏គ្រោងសាងសង់ផ្លូវថ្មើរជើងឱ្យបានច្រើនកន្លែងបន្ថែមទៀត ដើម្បីឆ្លើយតបទៅការវិវត្តន៍នៃទីក្រុង ពិសេសសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងទីក្រុងភ្នំពេញ៕
ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android។
ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ថ្ងៃនេះ។ លោកអ្នកក៏អាចចូរអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ!
អត្ថបទដោយ
Comments