លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្មីៗនេះបានជំរុញឲ្យមានការបង្កើតទីចំណតយានយន្តសាធារណៈក្រោមដីឲ្យកាន់តែច្រើន ដើម្បីដោះស្រាយបញ្ហាកកស្ទះនៅទីក្រុងភ្នំពេញ។
ថ្លែងក្នុងឱកាសជួបសំណេះសំណាលពលរដ្ឋខ្មែរនៅប្រទេសស្វីស កាលពីថ្ងៃទី៤ ខែកក្កដា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាកង្វះចំណតរថយន្តបានក្លាយជាបញ្ហាចម្បងមួយក្នុងចំណោមបញ្ហាផ្សេងៗទៀតនាពេលបច្ចុប្បន្នដែលត្រូវពន្លឿនការដោះស្រាយ។
លោកនាយករដ្ឋមន្រ្តី បានណែនាំឲ្យរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងអភិបាលរាជធានីភ្នំពេញ ពិនិត្យបង្កើតចំណតរថយន្តបន្ថែម ជាពិសេសចំណតក្រោមដី ដើម្បីបញ្ចៀសការប្រើចិញ្ចើមផ្លូវសម្រាប់ចំណតយានតយន្ត។
លោកនាយករដ្ឋមន្រ្តីថ្លែងថា៖«សួនច្បារមួយចំនួន [យើងអាច] ប្រើប្រាស់ផ្នែកខាងក្រោម ពីរបីជាន់ខាងក្រោមដើម្បីធ្វើចំណតរថយន្ត បើមិនអ៊ីចឹងទេ ចិញ្ចឹមផ្លូវរបស់យើងចតដោយរថយន្ត»។ លោកបន្តថា៖«ភ្នំពេញបើសិនជារថយន្តចេញតែ ៥០ ភាគរយ មធ្យោបាយធ្វើដំណើរកកទាំងអស់។ គាំងភ្នំពេញ»។
ស្ថានភាពជីវភាពរបស់ប្រជាជននៅភ្នំពេញមានភាពប្រសើរជាងមុន ហើយដោយសារការប្រើប្រាស់មធ្យោបានផ្ទាល់ខ្លួននៅតែមានប្រជាប្រិយខ្លាំងក្នុងចំណោមប្រជាជនកម្ពុជា ចំនួនរថយន្តបានកើនឡើងយ៉ាងខ្លាំង។
កំណើននេះ ស្របពេលដែលរាជធានីភ្នំពេញមានកន្លែងចតយានយន្តតិចតួចណាស់ទាំងសាធារណៈ និងចំណតឯកជន។
ការកើនឡើងនៃចំនួនយានតយន្ត
យោងតាមតួលេខដែលទទួលបានពីក្រសួងសាធារណការនិងដឹកជញ្ជូន គិតត្រឹមដំណាច់ឆ្នាំ ២០១៦ មានយានយន្តចំនួន ៤៤ ម៉ឺនគ្រឿង និងម៉ូតូចំនួន ១.៦ លានគ្រឿង គ្រឿងដែលបានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជា។
មន្រ្តីក្រសួងសាធារណៈការបានបញ្ជាក់ថា ចំនួនរថយន្តចុះបញ្ជីបានកើនឡើងជាប្រចាំឆ្នាំដែលមានការចុះបញ្ជីថ្មីចន្លោះពី ៣០ ម៉ឺនគ្រឿង ទៅ ៤០ ម៉ឺនគ្រឿងក្នុងមួយឆ្នាំៗ។
លោក មេត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឲ្យដឹងថាភ្នំពេញ កំពុងប្រឈមនឹងការខ្វះខាតទីកន្លែងចតយានយន្តសាធារណៈដោយសារតែចំនួនរថយន្តបានកើនឡើងលឿនរហ័ស។
លោកភក្តី បានឲ្យដឹងថារាជធានីភ្នំពេញនាពេលនេះមានចំណតរថយន្តក្រោមដីចំនួនពីរកន្លែងដែលកំពុងដំណើរការ និងមានបី ទៅ បួនកន្លែងទៀតកំពុងត្រូវបានសាងសង់។ តែលោកសូមមិនទាន់ផ្តល់ព័ត៌មានលម្អិតអំពីគម្រោងដែលកំពុងសាងសង់នៅឡើយ។
លោកបន្តថា៖«ចំណតយានតយន្តក្រោមដីគឺជាការវិនិយោគត្រូវការលុយច្រើន។ យើងតែងតែលើកទឹកចិត្តដល់ការវិនិយោគឯកជនសម្រាប់គម្រោងប្រភេទនេះ ដើម្បីពន្លឿនការអភិវឌ្ឍនិងជួយដោះស្រាយបញ្ហាកកស្ទះ»។
ចំណតឯកជន
យោងតាមលោកភក្តី ក្រុមហ៊ុន Overseas Cambodia Investment Corporation (OCIC) បានសាងសង់ចំណតរថយន្តក្រោមដីដំបូងគេនៅភ្នំពេញ ដែលមានទីតាំងក្រោមសួនចន្លោះពីអគារវឌ្ឍនៈ និងអគារកាណាឌីយ៉ា។
ចំណតរថយន្ត OCIC មានទំហំ ៨,៧០៤ ម៉ែត្រការ៉េ មានពីរជាន់ និងអាចផ្ទុករថយន្តជាង ៣០០ គ្រឿង។
លោក ទូច សំណាង នាយកប្រតិបត្តិរបស់ក្រុមហ៊ុន OCIC បាននិយាយថាចំណតយានយន្តក្រោមដីនេះ បានបើកដំណើរការតាំងពីដើមឆ្នាំ ២០១៨។ លោកបានអះអាងថារចនាសម្ព័ន្ធក្រោមដីបានជួយកាត់បន្ថយការកកស្ទះនៅក្នុងតំបន់នេះហើយបានរក្សាទុកចរាចរណ៍តាមដងផ្លូវ។
លោកបន្តថា៖«បើគ្មានកន្លែងចតរថយន្តសមស្របទេ អ្នកបើកបរចតយានយន្តពួកគេនៅតាមផ្លូវសាធារណៈហើយបង្កឱ្យមានការកកស្ទះចរាចរណ៍ធ្ងន់ធ្ងរ»។ លោកបញ្ជាក់ថា៖«វាតែងតែជាដំណោះស្រាយដ៏ល្អក្នុងការសាងសង់ចំណតក្រោមដីពីព្រោះឥលូវនៅលើដីលែងមានកន្លែងទំនេរច្រើនទៀតហើយ»។
ចំណតក្រោមដីមួយផ្សេងទៀតដែលកំពុងដំណើរការគឺចំណតរបស់ណាហ្គាវើល។
ក្រុមហ៊ុន វឌ្ឍនៈធ្លាប់ត្រូវបានរាយការណ៍ថាបានដាក់ផែនការសម្រាប់ការសាងសង់ចំណតក្រោមដីដែលមានទំហំ ៥,០០០ ម៉ែត្រការ៉េ។ ផ្សេងពីនេះ ក៏មានសេចក្តីរាយការណ៍ផ្សេងដែរថា ចំណតនៅក្រោមសួន ដែលនៅទល់មុខសណ្ឋាគារសាន់វ៉េភ្នំពេញ កំពុងត្រូវបានសាងសង់។
ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញ ឬអចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញនៅថ្ងៃនេះ!
Comments