+85561 777 090
Logo
អង្គការសុខភាពពិភពលោកព្រមានបណ្តាប្រទេសទាំងអស់ឱ្យត្រៀមខ្លួននឹងកូវីដបំប្លែងថ្មី
Updated on: May 29, 2022, 6:31 p.m.
Published on: November 29, 2021, 7:54 a.m.

អង្គការសុខភាពពិភពលោកព្រមានបណ្តាប្រទេសទាំងអស់ឱ្យត្រៀមខ្លួននឹងកូវីដបំប្លែងថ្មី


ក្រុមអ្នកស្រាវជ្រាវនៅអាហ្រ្វិកខាងត្បូង និងជុំវិញពិភពលោកកំពុងធ្វើការសិក្សាដើម្បីយល់កាន់តែច្បាស់អំពីទិដ្ឋភាពជាច្រើនដែលពាក់ព័ន្ធនឹងវីរុសបំប្លែងថ្មី (Omicron) ដើម្បីបន្តចែករំលែកទៅកាន់បណ្តាប្រទេសជុំវិញពិភពលោក ។ នេះបើយោងតាមប្រភពគេហទំព័រផ្លូវការរបស់ WHO ដែលបានចេញផ្សាយនាថ្ងៃទី២៨ វិច្ឆិកា កន្លងទៅនេះ ។

តាមប្រភពដែលចេញផ្សាយដោយ WHO ចំនួនមនុស្សដែលធ្វើតេស្តវិជ្ជមានបានកើនឡើងនៅក្នុងតំបន់នៃអាហ្រ្វិកខាងត្បូងដែលកំពុងរងផលប៉ះពាល់ដោយការប្រែប្រួលនេះ ប៉ុន្តែការសិក្សាអំពីវីរុសមួយនេះកំពុងដំណើរការដើម្បីស្វែងយល់ថា តើវាបណ្តាលមកពីវីរុសបំប្លែងថ្មី Omicron ឬកត្តាផ្សេងទៀត ។

វីរុស Omicron ដែលជាប្រភេទវីរុសកូវីដ១៩បំប្លែងថ្មីគួរឱ្យព្រួយបារម្ភ មិនតែប៉ុណ្ណោះមានសកម្មភាពជាច្រើនដែលអង្គការសុខភាពពិភពលោក WHO បានណែនាំបណ្តាប្រទេសនានាឱ្យអនុវត្ត រួមទាំងការបង្កើនការឃ្លាំមើល និងការចាត់ថ្នាក់នៃករណី ។

*ការណែនាំវិធានការទប់ស្កាត់ និងបង្ការរបស់ WHO សម្រាប់បណ្តាប្រទេសទាំងអស់

ប្រទេសនានាគួរតែបន្តអនុវត្តវិធានការសុខភាពសាធារណៈប្រកបដោយប្រសិទ្ធភាព ដើម្បីកាត់បន្ថយចរាចរកូវីដ-១៩ ជារួមដោយប្រើការវិភាគហានិភ័យ និងវិធីសាស្រ្តផ្អែកលើវិទ្យាសាស្ត្រ ដើម្បីគ្រប់គ្រងការកើនឡើងនៃករណីឆ្លងវីរុសកូវីដ១៩ ។ WHO កំពុងផ្តល់ការគាំទ្រ និងការណែនាំដល់បណ្តាប្រទេសនានាសម្រាប់ការត្រៀមខ្លួន និងការឆ្លើយតបទៅនឹងវីរុសបំប្លែងថ្មី (Omicron) ផងដែរ ។

*ការណែនាំវិធានការការពារខ្លួនរបស់ WHO សម្រាប់ប្រជាជនទាំងអស់

វិធានការដ៏មានប្រសិទ្ធភាពបំផុតក្នុងការការពារខ្លួនពីវីរុសបំប្លែងថ្មីនេះគឺត្រូវ ៖

  • រក្សាគម្លាតយ៉ាងហោចណាស់ 1 ម៉ែត្រពីអ្នកដទៃ
  • ពាក់របាំងមុខ ឬម៉ាស
  • បើកបង្អួចដើម្បីឱ្យមានខ្យល់បរិយាកាសចេញចូល
  • ចៀសវាងកន្លែងដែលមានខ្យល់ចេញចូលមិនល្អ ឬកន្លែងមានមនុស្សច្រើន
  • លាងសម្អាតដៃជាប្រចាំ
  • ពេលក្អក ឬកណ្តាស់ត្រូវផ្ទប់នឹងកែងដៃ

គួររម្លឹកផងដែរថា អង្គការសុខភាពពិភពលោក ( WHO ) បានបើកកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសរបស់អង្គការសុខភាពពិភពលោកស្តីពីការវិវឌ្ឍន៍នៃមេរោគ SARS-CoV-2 (TAG-VE) បានវាយតម្លៃវ៉ារ៉្យង់ SARS-CoV-2 ថ្មី B.1.1.529 និងបានកំណត់ឈ្មោះវីរុសនេះហៅថា «អូមីក្រុង (Omicron)» ក្រោយមានការលេចចេញនូវវីរុសកូវីដ១៩បំប្លែងថ្មីនេះនៅតាមបណ្តាប្រទេសមួយចំនួន ៕

Comments