+85561 777 090
Logo
របាយការណ៍ VTrust៖ បុរីសាង​សង់​ថ្មី​នៅភ្នំ​ពេញនឹង​កើន​ដល់​កន្លះ​លាន​ខ្នង​​​នៅឆ្នាំ២០៣០
Updated on: June 6, 2022, 5:02 p.m.
Published on: September 3, 2019, 3:11 a.m.

របាយការណ៍ VTrust៖ បុរីសាង​សង់​ថ្មី​នៅភ្នំ​ពេញនឹង​កើន​ដល់​កន្លះ​លាន​ខ្នង​​​នៅឆ្នាំ២០៣០


Borey homes in Phnom Penh

ចំ​នួន​ផ្ទះ​​​សង់​ថ្មីនៅតាម​បុរីធំ​ៗនៅ​​​​​ភ្នំពេញ​នឹង​កើន​ដល់​ជិតកន្លះ​លាន​ខ្នង​នៅ​ឆ្នាំ២០៣០ ដែល​ជា​ការ​កើន​ឡើង​​​បី​ដងធៀប​នឹង​​ចំ​នួននា​ពេល​​បច្ចុប្បន្ន។ នេះ​បើ​យោង​តាម​របាយការណ៍ ​ថ្មី​មួយ​របស់​ក្រុម​ហ៊ុន​វាយ​តម្លៃអចល​ន​ទ្រព្យ V-Trust Appraisal។

កំ​ណើន​ដ៏​ខ្លាំង​នេះ​ ដោយ​សា​រ​ការ​កើន​ឡើង​​​ចំ​នួន​ប្រ​ជា​ជន​នៅ​ទី​ក្រុង​ និង​​កំណើន​លទ្ធភាព​ទិញ​ដោយ​មាន​ការ​បង់​រំ​លស់​​។

បុរីកើនឡើង ៩% ក្នុងមួយឆ្នាំ

របាយ​ការណ៍​ V-Trust Appraisal ដែល​ព្យា​ករណ៍​ពី​ទីផ្សារ​អចល​ន​ទ្រព្យ​នៅ​កម្ពុជា​សម្រាប់​ ១០ ឆ្នាំ​ទៀត​​​មាន​ចំ​ណង​ជើង​ថា «​ភ្នំពេញ​ឆ្នាំ ២០៣០» បាន​ឲ្យ​ដឹង​ថា​ គិត​ត្រឹម​ដំណាច់​ឆ្នាំ​ ២០១៨ ចំ​នួន​ផ្ទះ​នៅ​ក្នុង​បុរី​នៅ​ភ្នំពេញ​មាន​ចំនួន​សរុប ១៥ ម៉ឺន​ផ្ទះ។ របាយ​ការណ៍​ដ​ដែល​បញ្ជាក់​ថា​ ការ​ផ្គត់​ផ្គង់​ផ្ទះ​នៅ​តាម​បុរី​បាន​បន្ត​កើន​ឡើង​ជា​មធ្យម​ ៩ ភាគ​រយ​ក្នុង​មួយ​ឆ្នាំ​ ដែល​ស្មើនឹង​ចំ​នួន​ផ្ទះ​ ២៥,០០០ ខ្នងក្នុង​មួយ​ឆ្នាំ​។ 

តាម​រយៈ​អត្រា​កំ​ណើន​នេះ នៅ​ឆ្នាំ ២០៣០ ចំ​នួន​ផ្ទះ​នៅ​តាម​បុរី​នៅ​ភ្នំពេញ​នឹង​កើន​ដល់ ៤៥ ម៉ឺន​​ខ្នង​​។

លោក ហ៊ឹម សី​ហា​ នាយ​ក​ផ្នែក​ស្រាវ​ជ្រាវ​របស់​ V-Trust Appraisal និង​ជា​អ្នក​និ​ពន្ធ​របាយ​ការណ៍​ «​ភ្នំពេញ​ឆ្នាំ២០៣០» បាន​លើក​ឡើង​ថា​ ទី​ក្រុង​ភ្នំពេញកំ​ពុង​មាន​​កំ​ណើន​ចំ​នួន​ប្រជា​ជន ​​ប្រ​មាណ ៤ ភាគរយ​ជា​ប្រចាំឆ្នាំ និង​មាន​កំ​ណើន​អ្នក​ចំ​ណូល​ថ្មី​ពីខេត្ត​ផ្សេងៗ​នៅ​ក្នុង​ប្រ​ទេស ជា​ពិ​សេស​ខេត្ត​ជាប់​ភ្នំ​ពេញ។

លោក​បន្ថែម​ថា​៖​ «​ការ​ផ្តល់​កម្ចី​ទិញ​ផ្ទះ​ដែល​មាន​​​លក្ខខណ្ឌងាយ​ស្រួល បាន​ផ្តល់​ឱ​កាស​ដល់ ​​​ប្រ​ជា​ជន​ឲ្យ​មាន​លទ្ធភាព​អាច​ទិញ​ផ្ទះ​បាន​ ហើយ​កត្តា​នេះ​បាន​ជំ​រុញ​កំណើន​ការ​សាង​សង់​ និង​ផ្គត់​ផ្គង់​បន្ត​ទៀត​»។

ចំនួនផ្ទះនៅតាមខណ្ឌនីមួយៗនឹងបន្តកើនឡើង

ខណ្ឌ​សំខាន់​ៗ​ចំនួន ៧ នៅ​ភ្នំពេញ ដែល​ជា​តំ​បន់កំ​ពុង​មាន​កំណើ​នលំនៅដ្ឋានច្រើននៅ​ពេល ​បច្ចុប្បន្ន​នឹង​បន្ត​កើនឡើង​​ខ្លាំង​ថែមទៀត​​សម្រាប់​រយៈ​ពេ​ល​ ១០ ឆ្នាំ​បន្ទាប់។ ខណ្ឌ​ ពោធិ​សែន​ជ័យ ខណ្ឌ​ដង្កោ និង​ ខណ្ឌ​ជ្រោយ​ចង្វា​រ នឹង​មាន​កំ​ណើន​ចំ​នួន​ផ្ទះ​សាង​សង់​ថ្មី​៤ ដង​នៅ​ឆ្នាំ  ២០៣០ ធៀបនឹង​ចំ​នួន​បច្ចុប្បន្ន ខណៈ​ខណ្ឌ ឬស្សី​កែវ ខណ្ឌសែន​សុខ និង​ ខណ្ឌ​ច្បារអំ​ពៅ នឹង​មាន​កំណើន​ ៣​ដង​ដូច​គ្នា។ ខណ្ឌ​មាន​ជ័យ​នឹង​មាន​កំ​ណើន ២ ដង​។

ឈ្មោះ​ខណ្ឌ

ចំនួន​ផ្ទះ​ដែល​សាង​សង់​រួច​គិត​ត្រឹម​ឆ្នាំ២០១៨​​​

ការ​ព្យា​ករ​ពី​កំ​ណើន ប្រ​ចាំ​ឆ្នាំ ​

ការ​ព្យា​ករ​ណ៍​សម្រាប់​ឆ្នាំ២០៣០​

ពោធិ​សែន​ជ័យ

៤៥,០០០

៦ ភាគរយ

៧៧,០០០ ផ្ទះ​

ដង្កោ

២១,០០០

១២ ភាគរយ

៩៨,០០០ ផ្ទះ

ជ្រោយ​ចង្វារ​

​៦,៥០០

១២ ភាគរយ

២៥,០០០ ផ្ទះ

ឬស្សី​កែវ​

១៥​,០០០

១០ ភាគរយ

៤៨,០០០ ផ្ទះ

សែន​សុខ

២៣,០០០០

១០ ភាគរយ

៧៧,០០០ ផ្ទះ

ច្បារ​អំ​ពៅ​

១៤,៥០០០

១០ ភាគរយ

៤៥,០០០ ផ្ទះ

មាន​ជ័យ

១២,០០០

៩ ភាគរយ

៣២,០០០ ផ្ទះ

ប្រ​ភព៖ របាយ​ការណ៍ V Trust ព្យា​ករណ៍​ពី​ទីផ្សារ​អចល​ន​ទ្រព្យ​ «​ភ្នំពេញ​ឆ្នាំ២០៣០»

ខណ្ឌទាំង ៧ ខាង​លើ​គឺជា​ទី​តាំ​ង​ដែល​សំ​ណង់​ផ្ទះ​ល្វែង​ ពី​គម្រោង​​អភិវឌ្ឍន៍លំនៅដ្ឋានកំពុង​កើន​ឡើង។​ ក្នុងចំណោមខណ្ឌទាំងនេះ ខណ្ឌពោធិ៍សែនជ័យបច្ចុប្បន្នមានការផ្គត់ផ្គង់ធំជាងគេដែលមានផ្ទះជិត ៥០,០០០។ ខណ្ឌសែនសុខនិងខណ្ឌដង្កោ​មានការ​ផ្គត់​ផ្គង់​​ជាង ២ ម៉ឺនដូច​គ្នា​។​ 

ទោះយ៉ាងណារបាយការណ៍របស់ V Trust ព្យាករណ៍ថាមានការរីកចម្រើនយ៉ាងខ្លាំងនៅខណ្ឌដង្កោ។ ការព្យាករណ៍បានបញ្ជាក់​ថា ខណ្ឌ​ដង្កោ​​នឹងមានផ្ទះជិត ១០០,០០០ ខ្នងនៅឆ្នាំ ២០៣០។

របាយ​ការណ៍​របស់​ V Trust គឺសំ​ដៅ​ត្រឹម​ផ្ទះ​ថ្មី​ដែល​សាង​សង់​ពី​បុរី ឬ សំណង់​ផ្ទះ​ល្វែង​ដែលមាន​ចាប់​ពី ២០ ផ្ទះ​ឡើង​ទៅប៉ុណ្ណោះ។ ការ​សាង​សង់​ផ្ទះ​ជា​លក្ខណៈ​បុគ្គល ឬ បណ្តុំ​ផ្ទះ​ល្វែង​បី​បួន​ល្វែង​ជាប់​គ្នា​មិន​បាន​រាប់​បញ្ចូល​ក្នុង​របាយ​ការណ៍​នេះ​នោះ​ទេ។

លោក ង៉ែត ជូ អ្នក​ប្រឹក្សា​ឯក​រាជ្យ​ផ្នែក​អចលន​ទ្រព្យ និង​ការ​វិនិយោគ បាន​ឲ្យ​ដឹង​ថា​ កំណើន​តម្រូវ​ការបាន​ធ្វើ​ឲ្យ​តម្លៃអចលនទ្រព្យនៅ​ក្នុង​ប្រ​ទេស​​កម្ពុជាមានសន្ទុះខ្លាំង។ លោក​បន្ត​ថា បណ្តាអ្នកជំនាញបានព្យាករណ៍ថាតម្លៃនឹងមានការកើនឡើងក្នុង ១ ឆ្នាំប្រមាណ ៧ ទៅ ១០ ភាគរយ​ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ហើយ​​ការព្យាករណ៍នេះទំនងជាអាចទៅរួចព្រោះតម្លៃនៅកម្ពុជាមានតម្លៃទាបនៅឡើយបើប្រៀបធៀបនឹងបណ្តាប្រទេសនានាក្នុងអាស៊ី។

លោក​លើក​ឡើង​ដោយ​ផ្អែក​លើ​​ទិន្នន័យរបស់ Global Property Guide ថា​​តម្លៃដីធ្លីជាមធ្យមនៅទីក្រុងនៅកម្ពុជាមានតម្លៃប្រមាណ ២,៩០០ ដុល្លារអាមេរិកក្នុង ១ ម៉ែត្រការ៉េ។ នៅថៃតម្លៃ ៣,៩០០ ដុល្លារ នៅឥណ្ឌាតម្លៃ ១០,៩០០ ដុល្លារ នៅចិនតម្លៃ ១១,៨០០ ដុល្លារ នៅសិង្ហបុរីតម្លៃ ១៣,៧០០ ដុល្លារ និង នៅហុងកុងតម្លៃ ២៨,៥០០ ដុល្លារ​។

យ៉ាង​ណា​ក៏​ដោយ លោក ជូ បាន​លើក​ឡើង​ជា​ការ​បារម្ភ​ថា កំ​ណើន​តម្លៃអចល​ន​ទ្រព្យ​ជា​ប្រ​ចាំ អាច​បង្កើត​ជា​វិ​បត្តិ​ទៅ​ថ្ងៃ​ អនាគត​សម្រាប់​អ្នក​មាន​ចំ​ណូល​ទាប។

លោក​ថ្លែងថា​៖​ «​អ្វីដែលគួរអោយបារម្ភ​គឺកម្ពុជាអាចប្រឈមនឹងវិបត្តិលំនៅដ្ឋានរបស់ពលរដ្ឋ ដែលមានចំណូលទាបនាពេលអនាគត។ ការផ្គត់ផ្គង់ផ្ទះដែលមានតម្លៃសមរម្យនៅកម្ពុជានា ពេលបច្ចុប្បន្នមិនអាចឆ្លើយតបនឹងជីវភាពរបស់កម្មករនោះទេ ព្រោះផ្ទះមួយខ្នងមានតម្លៃ យ៉ាងហោច​ណាស់ដ៏ ២៥,០០០ ដុល្លារ​ដែរ​»​។ លោក​បន្ត​ថា​៖​«​​វិបត្តិនេះបានកើតឡើងរួចហើយ នៅហុងកុង ដូច្នេះកម្ពុជាគួររៀនសូត្រ និងរៀបចំគោលនយោបាយអោយបានល្អ»៕ 

 ស្វែងរកអចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញ អចលនទ្រព្យសម្រាប់លក់នៅភ្នំពេញនៅថ្ងៃនេះ!

 

Comments