+85561 777 090
Logo
កម្ពុជាជួបប្រទះករណីបាក់រលំអគារផ្ទួនៗ តើករណីនេះគួរមានដំណោះស្រាយបែបណា?
Updated on: June 4, 2022, 9:21 a.m.
Published on: January 15, 2020, 5:03 a.m.

កម្ពុជាជួបប្រទះករណីបាក់រលំអគារផ្ទួនៗ តើករណីនេះគួរមានដំណោះស្រាយបែបណា?


(ភ្នំពេញកំពុងរីកចម្រើនគួរឲ្យកត់សម្គាល់ អគារខ្ពស់ៗជាច្រើនបានរីកដុះដាលនៅក្នុងតំបន់កណ្តាលក្រុង / Realestate.com.kh)

ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយ ពោលគឺបន្ទាប់វិបត្តិសេដ្ឋកិច្ចឆ្នាំ២០០៨ វិស័យអចលនទ្រព្យកម្ពុជា បានងើបឡើងវិញជាបណ្តើរៗ ចាប់តាំងឆ្នាំ២០១១ និង ២០១២  ហើយបន្តមានសន្ទុះកំណើនវិនិយោគខ្លាំងគួរឲ្យកត់សម្គាល់ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ពេលបច្ចុប្បន្ននេះ។

យោងតាមរបាយការណ៍ចុងក្រោយរបស់ក្រសួង​រៀប​​ចំដែនដីនគរូបនីយកម្ម និងសំណង់ ក្នុងឆ្នាំ២០១៩ ដែលចេញផ្សាយកាលពីថ្ងៃទី១១​ ខែមករា ឆ្នាំ២០២០ នេះ សម្រាប់ឆ្នាំ ២០១៩​ នៅទូទាំងប្រទេសមានគម្រោងសាងសង់សរុបទាំងអស់ចំនួន ៤,៨៨៨ ដែលមានទុនវិនិយោគចំនួន ១១,៤៣៧,២៦៧,១៤៥ ដុល្លារ ដែលមានការកើនឡើងចំនួន ១០០​ ភាគរយបើប្រៀបធៀបជាមួយរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០១៨។ 

កំណើនដ៏ច្រើនបែបនេះហើយ ទើបធ្វើឲ្យការសាងសង់គម្រោងអគារតូចធំ បានរីកដុះដាលនៅតាមបណ្តាទីក្រុងធំៗ និងតាមតំបន់សក្តានុពលជាច្រើននៅទូទាំងប្រទេសកម្ពុជា។ 

ស្របពេលដែលភាពរីកចម្រើនកំពុងបន្តកើនឡើង បញ្ហាមួយក៏ចាប់ផ្តើមក៏កើតមានឡើងផងដែរ នោះគឺការបាក់រលំអគារ។ 

ការបាក់រលំអគារគឺជាហេតុការណ៍ថ្មីបំផុតមួយរបស់កម្ពុជា ដែលគ្រប់គ្នាមិនធ្លាប់ចាប់អារម្មណ៍សោះឡើយ នេះដោយហេតុថា កម្ពុជាមិនធ្លាប់មានការសាងសង់ច្រើន និងលឿនរហ័សដូចពេលបច្ចុប្បន្ន។ 

ហេតុការណ៍ដ៏គួរឲ្យភ្នាក់ផ្អើលលើកទី១ បានកើតឡើងកាលពី​ថ្ងៃ​ទី​២២ ​ខែ​មិថុនា ឆ្នាំ​២០១៩ អគារ​កម្ពស់​ ៧ ជាន់ ដែល​កំពុង​ស្ថិត​ក្រោម​ការ​សាង​សង់​នៅខេត្តព្រះសីហនុ បានបាក់​ និងសម្លាប់​កម្មករ​សំណង់​​ចំនួន ​២៨​ នាក់​ និង ​២៦​ នាក់ផ្សេងទៀតរងរបួស។ 

ដូចគ្នានេះដែរ កាលពីពេលថ្មីៗនេះ នៅថ្ងៃទី ៣ ខែមករា ឆ្នាំ២០២០ សំណង់​អគារ​កម្ពស់​ ៧ ជាន់ [ទាំងជាន់ផ្ទាល់ដី] ​ស្ថិតនៅ​ក្នុង​ក្រុងកែប​ បាន​បាក់​រលំ ដោយ​បាន​សម្លាប់​មនុស្ស​សរុប ៣៦ នាក់​ និង​បណ្ដាល​ឲ្យ ២៣ នាក់​ផ្សេងទៀតរងរបួស។

នៅពេលមានករណីបែបនេះកើតឡើង គ្រប់គ្នាបានចោទជាសំណួរឡើងថាតើហេតុអ្វីអគារទាំងនេះ អាចបាក់រលំក្នុងអំឡុងពេលកំពុងសាងសង់បែបនេះ? 

អគារបាក់នៅកែប

(ទិដ្ឋភាពនៃអគារ ដែលបានបាក់រលំនៅខេត្តកែប / Fresh News)

ការពិតទៅការបាក់រលំអគារមិនមែនជាហេតុការណ៍ថ្មី ប្លែកគេនោះទេ សម្រាប់មនុស្សជាទូទៅ ដោយសារហេតុការនេះបានកើតមានឡើងនៅក្នុងប្រទេសផ្សេងៗទៀតជាច្រើន ជាពិសេសនៅក្នុងដំណាក់កាលដំបូងនៃភាពរីកចម្រើនផ្នែកអចលនទ្រព្យ និងសំណង់។ 

ជាក់ស្តែង ដូចជានៅប្រទេសថៃជាដើម​ ក៏មានការបាក់រលំអគារកើតឡើងដែរ ក្នុងអំឡុងទសវត្សឆ្នាំ ៨០ និង៩០។  យោងតាមការសែត The Washington Post ដែលបានចេញផ្សាយកាលពីឆ្នាំ១៩៩៣ សណ្ឋាគារមួយនៅក្នុងប្រទេសថៃ ឈ្មោះថា Royal Plaza Hotel បានបាក់រលំ និងបានសម្លាប់ជីវិតមនុស្សច្រើនជាង១០០នាក់។ 

បើតាមអ្នកជំនាញ ប្រទេសថៃ ចាប់់តាំងពីឆ្នាំ១៩៨៧ ថៃបានស្គាល់ភាពរីកច្រើនដ៏ឆាប់រហ័សផ្នែក សេដ្ឋកិច្ច រីឯវិស័យសំណង់វិញបានរីកដុះដាលលឿនខ្លាំង ខណៈការសាងសង់សំណង់ថ្មីៗមានប្រមាណជា ២,០០០ អគារនៅក្នុងទីក្រុងបាងកក។ ប៉ុន្តែការប្រឈមក៏កើតមានផងដែរ អ្នកជំនាញអះអាងថា​ បញ្ហាប្រឈមត្រង់ថា ការសាងសង់ត្រូវបានធ្វើឡើងដោយវិស្វករខ្វះជំនាញបច្ចេកទេស និងបទពិសេស និងមិនមានការត្រួតពិនិត្យគុណភាពបទដ្ឋានស្តង់ដារត្រឹមត្រូវ ដើម្បីធានាបានសុវត្ថិភាពដល់អ្នក រស់នៅ។ 

យោងតាមកាសែតដដែលនេះ នៅក្នុងឆ្នាំ ១៩៩០ អគារចំនួន ៧ បានដួលរលំនៅក្នុងប្រទេសថៃ ហើយបានសម្លាប់ជីវិតមនុស្សជាច្រើននាក់។ 

​ប៉ុន្តែបើគេពិនិត្យមើលឲ្យស៊ីជម្រៅ គេអាចឃើញពីភាពខុសប្លែករវាងការបាក់អគារនៅកម្ពុជា និងថៃ ត្រង់ថា អគារដែលបានបាក់នៅក្នុងប្រទេសថៃគឺអគារដែលបានសាងសង់រួចរាល់ និងបានកំពុងបើកដំណើរការ ចំណែកហេតុការណ៍នៅកម្ពុជា គឺអគារបាក់តាំងពីមិនទាន់បញ្ចប់ការសាងសង់នៅឡើយ។ 

តើមូលហេតុអ្វីបានអគារកំពុងសាងសង់់ត្រូវបាក់រលំបែបនេះ?

(អគារបាក់រលំនៅក្នុងខេត្តព្រះសីហនុ  / Fresh News)

គេមិនបានឆ្លើយឲ្យចំពីមូលហេតុណាមួយឲ្យច្បាស់លាស់បានទេ ប៉ុន្តែអ្វីដែលបានរកឃើញ គឺថា អគារដែលបានបាក់ទាំងពីរករណីនេះ គឺមិនមានច្បាប់អនុញ្ញាតសាងសង់ត្រឹមត្រូវ និងការសាងសង់ មិនគោរពតាមបទដ្ឋានបច្ចេកទេស។

ទោះយ៉ាងណាការបាក់រលំអគារមិនមែនជារឿងចៃដន្យនោះទេ  ប៉ុន្តែវាមានហេតុផលសំខាន់ៗជាច្រើនយ៉ាងដែលពាក់ព័ន្ធគ្នា ក្នុងនោះរួមមាន៖ សំណង់ខ្វះខាតគុណភាព កង្វះខាតប្រព័ន្ធត្រួតពិនិត្យគុណ សម្ភារៈសំណង់នៅមានកម្រិត  កង្វះធនធាន​ និងមធ្យោបាយបច្ចេកទេស និងការគិតតែពីផលចំណេញពីម្ចាស់សំណង់ និងអ្នកពាក់ព័ន្ធ។ នេះបើតាមការវិភាគដកស្រង់ពីវិទ្យុបារាំង rfi ។ 

គុណភាពនៃសំណង់អគារ

អគារតូចធំ និង លំនៅដ្ឋានស្នាក់ ឬជួលជាច្រើនត្រូវបានសាងសង់នៅទូទាំងប្រទេសកម្ពុជា។ ប៉ុន្តែគុណភាពនៃសំណង់ត្រូវបានគេនិយាយពីមាត់មួយទៅមាត់មួយថា មិនសូវល្អនៅឡើយ។ ជាក់ស្តែងសំណង់ផ្ទះបុរីជាច្រើន ត្រូវបានគេសង្កេតឃើញមានស្នាមប្រេះ និងជ្រាបទឹក ដែលសុទ្ធតែជាបញ្ហានៃគុណភាពសំណង់។

ប្រព័ន្ធត្រួតពិនិត្យគុណភាពសំណង់

ស្របពេលដែលការអភិវឌ្ឍជាច្រើនបានកើនឡើង គេមើលឃើញថាប្រព័ន្ធគ្រប់គ្រង ការត្រួតពិនិត្យសំណង់របស់អាជ្ញធរមូលដ្ឋាន ត្រូវបានគេឃើញថាមានភាពទន់ខ្សោយនៅឡើយ ដែលអាចបណ្តោយឲ្យការសាងសង់គ្មានគុណភាពចេះតែបន្តកើតមាន។ 

កង្វះធនធាន និងមធ្យោបាយបច្ចេកទេស

ដោយសារតែប្រទេសកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍន៍ ធនធានជាច្រើនក៏នៅមានកង្វះខាត ដែលទាម ទារឲ្យមានជំនួយពីបរទេស និងដៃគូសហការផ្សេងៗ។ ត្រង់ចំណុចនេះយើងសង្កេតឃើញពី ការខិតខំប្រឹងប្រែងរបស់ដ្ឋ ក្នុងការពង្រីកធនធាន សមត្ថភាព និងមធ្យោបាយរបស់អាជ្ញាធរ។  ប៉ុន្តែវាហាក់នៅមានកម្រិតនៅឡើយ ដែលទាមទារឲ្យមានការយកចិត្តទុកដាក់បន្ថែមទៀត។ 

ការគិតតែពីផលចំណេញច្រើនជ្រុល

ម្ចាស់គម្រោងអភិវឌ្ឍន៍ ត្រូវបានគេសង្កេតឃើញថាជាអ្នកដែលទទួលបានផលប្រយោជន៍មុនគេ សម្រាប់ការសាងសង់អគារធំក្តី ឬតូចក្តី។ ដូច្នេះ ប្រសិនបើពួកគេគិតតែពីផលចំណេញច្រើនពេក ប្រាកដណាស់ គម្រោងរបស់ពួកគេនឹងត្រូវសាងសង់ដោយមិនឆ្លើយទៅតាមស្តង់ដារគុណភាព  ពោលគឺខ្វះទាំងវត្ថុធាតុដើម និងជំនាញបច្ចេកទេស ដែលនេះជាបញ្ហាប្រឈមដ៏ធំ។ 

តើអ្នកណាជាអ្នកទទួលខុសត្រូវលើគ្រោះថ្នាក់នេះ?

(អាជ្ញាធរ កំពុងចុះជួយសង្គ្រោះអ្នកជាប់នៅក្នុងអគារ ដែលបានបាក់នៅកែប / Fresh News)

នេះជាសំណួរមួយដែលមិនទាន់មានចម្លើយច្បាស់លាស់នៅឡើយ នៅក្នុងបរិបទកម្ពុជានៅ ពេលបច្ចុប្បន្ន។ 

ប៉ុន្តែពាក់ព័ន្ធនឹងចំណុចនេះ បើយើងក្រឡេកទៅមើលស្ថានភាពដូចគ្នានៅបរទេសវិញ តួយ៉ាងដូចជា ប្រទេសថៃ ប្រសិនបើមានករណីបាក់អគារណាមួយកើតឡើង ពិតណាស់វាជាការទទួលខុសត្រូវ របស់អ្នកគ្រប់គ្រង។ អ្នកគ្រប់គ្រងត្រង់នេះ សំដៅដល់ចាប់ពីក្រុមហ៊ុនសាងសង់ ម្ចាស់គម្រោង រហូតដល់វិស្វករ និងមន្រ្តីរដ្ឋាភិបាលដែលជាប់ពាក់ព័ន្ធ។ មនុស្សទាំងនេះនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ប្រសិនបើគេរកឃើញថា​បានបង្ករឲ្យមានគ្រោះថ្នាក់បែបនេះ។ ចំណុចគួរឲ្យចាប់អាម្មណ៍មួយទៀត គ្រប់សំណង់អគារទាំងអស់ មានសេវាកម្មធានារ៉ាប់រង ដើម្បីធានាលើសុវត្ថិភាព និងសងការខូចខាតពេលមានគ្រោះថ្នាក់កើតឡើង។ 

បើទោះបីជាកម្ពុជាហាក់មិនទាន់បានកំណត់ឲ្យបានច្បាស់ថាតើភាគីណាខ្លះ ដែលនឹងត្រូវទទួល ខុសត្រូវលើបញ្ហាខាងលើក៏ដោយ ប៉ុន្តែរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់លើគ្រោះថ្នាក់នេះ ហើយជាបន្តបន្ទាប់ ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានចាប់ផ្តើមរឹតបន្តឹងច្បាប់ និងធ្វើការត្រួតពិនិត្យ នៅរាល់អគារដែលកំពុងសាងសង់ និងគ្រោងនឹងសាងសង់ ដើម្បីធានាបញ្ចៀសហានិភ័យ។ តួយ៉ាង បន្ទាប់ពីហេតុការណ៍នៅក្រុងព្រះសីហនុ រដ្ឋាភិបាលតាមរយៈរដ្ឋបាលខេត្ត និងក្រសួងពាក់ព័ន្ធ បានរៀបចំគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់នៅក្នុងខេត្តទាំងមូល។ ជាលទ្ធផល សំណង់​ ១៤ កន្លែង ត្រូវបានសម្រេចរុះរើ ក្នុងចំណោមទីតាំង ៥០០ កន្លែង។ 

លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលសាលាខេត្តព្រះសីហនុ ប្រាប់សារព័ត៌មានក្នុងស្រុក កាលពីថ្ងៃទី ២៦ ខែ សីហា ថា ក្រុមការងារត្រួតពិនិត្យសំណង់របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានសម្រេចរុះរើសំណង់ចំនួន ១៤ ទីតាំង ក្នុងចំណោមសំណង់អគារប្រមាណជាង ៥០០ កន្លែងដែលបានត្រួតពិនិត្យ។

បើយោងតាមរបាយការណ៍ចុងឆ្នាំ ២០១៩ ក្នុងចំណោម​ការដ្ឋាន​ដែល​បាន​ធ្វើការ​ចុះ​ត្រួតពិនិត្យ​ចំនួន ៥៣១កន្លែង​ ​ក្រសួងបាន​តម្រូវ​ឲ្យ​រុះរើ​ ការដ្ឋានដែលមានហានិភ័យខ្ពស់​​ ១៤ ទីតាំង ការដ្ឋាន ១៧០ កន្លែង តម្រូវ​ឲ្យ​ផ្អាក​ ​និង​ណែនាំ​ឲ្យធ្វើ​កោសល្យវិច័យ​​ ​ហើយ​ការដ្ឋាន ២៧៣ កន្លែង ​​តម្រូវ​ឲ្យ​ផ្អាក​ ​និង​ណែនាំ​ឲ្យបំពេញ​នីតិវិធី​ ​និងមានការដ្ឋាន ៦៥ កន្លែង ត្រូវបានណែនាំ​ឲ្យបំពេញ​នីតិវិធី​ជាមុនសិន​។​

ទីតាំងផ្សេងទៀតរកឃើញសំណង់គ្មានច្បាប់ និងកង្វះបច្ចេកទេស

(អគារខុសច្បាប់នៅក្នុងក្រុងប៉ោយប៉ែត / រស្មីកម្ពុជា)

បន្ទាប់ពីមានហេតុការបាក់អគារនៅក្នុងខេត្តព្រះសីហនុ និងកែប មករដ្ឋបាលខេត្តផ្សេងៗទៀត បានចាប់ផ្តើមត្រួតពិនិត្យ គុណភាពសំណង់ ជាបន្តបន្ទាប់។

យោងតាមការចុះផ្សាយរបស់កាសែតកម្ពុជាថ្មី ដែលបានចេញផ្សាយនៅថ្ងៃទី ១០ ខែមករា ឆ្នាំ២០២០ ការដ្ឋាន​សំណង់​ ១៨៦ កន្លែង ​នៅ​ក្នុងខេត្ត​បន្ទាយមានជ័យ​ បានសាងសង់ដោយ​គ្មាន​ច្បាប់​អនុញ្ញាត និងខ្លះទៀតសាងសង់ខុសបច្ចេកទេស។ 

បើតាមការបញ្ជាក់ពីមន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ ​​និង​សុរិយោដី​ ការដ្ឋានសំណង់ដែលគ្មានច្បាប់ទាំង ១៨៦ ទីតាំងនេះ ​ភាគច្រើន​នៅ​ទីក្រុង​ប៉ោយប៉ែត​ ហើយក្នុងនោះ​អាជ្ញាធរ​បានសម្រេច​ផ្អាក​ការដ្ឋាន​ ​ជាង​ ៥០ ​កន្លែង ចំណែក​ទីតាំង​ផ្សេងទៀត​នឹង​បន្ត​នីតិវិធី​ជា​បន្តបន្ទាប់​។

អាជ្ញាធរ​ជំនាញ​បានរក​ឃើញ​បញ្ហា​ជាច្រើនជុំវិញ ភាពមិនស្របច្បាប់នេះ ដោយមានដូចជា៖ ការសាងសង់ដោយគ្មាន​លិខិតអនុញ្ញាត​ និង​លិខិតអនុញ្ញាត​បើក​ការដ្ឋាន ​គម្រោង​គ្មានប្លង់ស្ថាបត្យកម្ម គ្រឿង​ផ្គុំ​សំណង់ មេកានិក​ទឹក និង​ភ្លើង ការដ្ឋាន​សំណង់​ពុំ​មាន​របាយការណ៍​ពិសោធន៍​ដី ​កង្វះ​អ្នក​ជំនាញ​ក្នុង​វិស័យ​សំណង់ ឬ​ក្រុមហ៊ុន​ប្រកបដោយ​វិជ្ជាជីវៈ​ក្នុង​វិស័យ​សំណង់ ហើយ​សំណង់​ខ្លះ​ពុំ​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ និង​ពុំ​មាន​អ្នកគ្រប់គ្រង​ការដ្ឋាន​សំណង់​ជាដើម។

ការយល់ឃើញរបស់អ្នកជំនាញ

(ទិដ្ឋភាពក្រុងព្រះសីហនុពេលបច្ចុប្បន្ន / Realestate.com.kh) 

ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុក លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា ការដួលរលំអគារទាំងពីរគឺជាមេរៀនមួយសម្រាប់អ្នក អភិវឌ្ឍន៍ និងអ្នកទិញទាំងអស់ ដើម្បីធានាថាគម្រោងសាងសង់ត្រូវតែធ្វើយ៉ាងណា ឲ្យស្របតាមស្តង់ដារគុណភាពខ្ពស់ និងជៀសវាងពីហានិភ័យ និងគ្រោះថ្នាក់នានាបាន។

ដើម្បីបញ្ចៀសពីគ្រោះថ្នាក់ លោក សុខនីមបានលើកឡើងថា ការងារនេះត្រូវការសហការគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងក្រុមហ៊ុនអភិវឌ្ឍន៍ ក្រុមហ៊ុនសំណង់ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ។  

លោកសង្កត់ធ្ងន់ថាគម្រោងសាងសង់ត្រូវតែមានលិខិតអនុញ្ញាតសាងសង់ត្រឹមត្រូវ ដើម្បីជួយធានាបានសុវត្ថិភាពសំណង់។

ជាការណែនាំដល់អ្នកទិញ លោក សុខនីម បានក្រើនរំលឹកដល់អ្នកទិញផ្ទះឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងត្រួតពិនិត្យឲ្យបានច្បាស់លាស់នៅពេលទិញផ្ទះពីគម្រោងណាមួយ ជាពិសេសត្រួតពិនិត្យឲ្យបានច្បាស់លាស់ពាក់ព័ន្ធនឹងភាពស្របច្បាប់របស់គម្រោង៕ 

ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android

តាមដានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យ ឬស្វែងរកស្វែងរកអចលនទ្រព្យនៅភ្នំពេញថ្ងៃនេះ។ លោកអ្នកក៏អាចចូរអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ! 

អត្ថបទដោយ

Comments