+85561 777 090
Logo
ដឹងមូលហេតុហើយ ! ការយកពន្ធលើដីធ្លីមិនប្រើប្រាស់ព្រោះទប់ស្កាត់ករណីពិសេស១នេះ
Updated on: May 25, 2022, 11:11 p.m.
Published on: August 26, 2021, 8:55 a.m.

ដឹងមូលហេតុហើយ ! ការយកពន្ធលើដីធ្លីមិនប្រើប្រាស់ព្រោះទប់ស្កាត់ករណីពិសេស១នេះ


ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ត្រូវបានបង្កើតឡើងដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ១៩៩៥ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ ១១ ន.ស ៩៤ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៩៤ និងដាក់ឱ្យអនុវត្តចាប់ពីឆ្នាំ១៩៩៦ ។

ហេតុអ្វីត្រូវបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់?

លោក រស់ សារ៉ាក់ ប្រធានការិយាល័យពន្ធអចលនទ្រព្យ នៃនាយកដ្ឋានពន្ធចលនទ្រព្យ និងអចលនទ្រព្យ នៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងឱ្យដឹងថា ពន្ធលើដីធ្លីមិនបានប្រើប្រាស់ បង្កើតឡើងក្នុងគោលបំណងទប់ស្កាត់​រូបភាព​នៃការ​ទិញដីប្រើប្រាស់ហើយដោយរងចាំតម្លៃឡើងថ្លៃដោយលក់យកកម្រៃលើស និង​ជំរុញ​ការប្រើប្រាស់ដីធ្លីឱ្យសមស្របនឹងការអភិរវឌ្ឍ និងបង្កើន​សកម្មភាព​សេដ្ឋ​កិច្ច ដើម្បីបង្កើនកំណើនការងារ និងជាគុណប្រយោជន៍​ថវិកាថ្នាក់​ក្រោម​ជាតិ ។

លោកបន្តថា ការប្រមូលពន្ធលើដីធ្លីមិនបានប្រើប្រាស់នេះ គឺត្រូវប្រមូលនៅទូទាំង​ប្រទេសដោយកំណត់លើដីដែលមានសំណង់ ឬគ្មានសំណង់ ស្ថិតនៅក្នុងទីក្រុងនានា និងក្នុងតំបន់ទាំងឡាយ ដែលកំណត់​ដោយ​គណៈ​កម្មការវាយតម្លៃដីមិនបានប្រើប្រាស់ ដូចមាន​ចែងនៅ​ក្នុងសេច​ក្តីសម្រេច​លេខ០០៧ ចុះថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០០៥ ។

ដើម្បីបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ត្រូវមានឯកសារអ្វីខ្លះ?

កម្មសិទ្ធិករនៃដីជាប់ពន្ធ ឬអ្នកជួលដីពីរដ្ឋដែលស្នើសុំបង់ពន្ធដីធ្លីមិនបានប្រើ​ប្រាស់ត្រូវធ្វើការចុះបញ្ជី ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យដោយភ្ជាប់​មក​ជា​មួយនូវសំណុំឯកសារដូចខាងក្រោម ៖

- ប័ណ្ណសម្គាល់សិទ្ធិ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ឬឯកសារពាក់ព័ន្ធនឹងការកាន់កាប់អចលនទ្រព្យដែលបញ្ជាក់ដោយអាជ្ញាធរឃុំ/សង្កាត់ឡើងទៅ (ច្បាប់ចម្លង)

- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្របញ្ជាក់កំណើត ឬលិខិតឆ្លងដែន ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅរបស់កម្មសិទ្ធិករ (ច្បាប់ចម្លង)

- រូបថតរបស់អចលនទ្រព្យ

- និយាមកាអចលនទ្រព្យ (រយៈទទឹង និងរយៈបណ្តោយ)

- បំពេញ "ពាក្យស្នើសុំចុះបញ្ជី ឬធ្វើបច្ចុប្បន្នភាពអចលនទ្រព្យសម្រាប់ការបង់ពន្ធលើអចលនទ្រព្យ FORM PT 01" ។ ឬតាមរយៈ https://www.tax.gov.kh/km/document-form

ដោយឡែក ក្នុងករណីអចលនទ្រព្យដែលស្នើសុំបង់ពន្ធធ្លាប់បានចុះបញ្ជី និងបានធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់អគ្គនាយកដ្ឋានពន្ធដាររួចហើយ នោះកម្មសិទ្ធិករនៃដីជាប់ពន្ធ ឬអ្នកជួលដីពីរដ្ឋគ្រាន់​តែ​ភ្ជាប់មកនូវប័ណ្ណសម្គាល់ការបង់ពន្ធអចលនទ្រព្យ ឬបង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធដែលបានបង់ឆ្នាំចាស់ មករដ្ឋបាលសារពើពន្ធធ្វើការវាយតម្លៃ និងបោះពុម្ពលិខិតប្រកាសបង់ពន្ធលើ​ដីធ្លីមិនបានប្រើប្រាស់ចេញពីប្រព័ន្ធរបស់អគ្គនាយក​ដ្ឋានពន្ធដារដើម្បីបង់បន្ត ។

តើពន្ធលើដីធ្លីមិនប្រើប្រាស់អាចបង់តាមរយៈ GDT Taxpayer App បានដែរឬទេ?

បច្ចុប្បន្នអគ្គនាយកដ្ឋានពន្ធដារមិនទាន់បានអនុញ្ញាតឱ្យបង់ប្រាក់ពន្ធនៅតាមរយៈ GDT Taxpayer App នៅឡើយនោះទេ អ្នកជាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ទាំងអស់ អាចទៅបង់ពន្ធនៅតាម​សាខា​ពន្ធដារខេត្តដែលអចលនទ្រព្យនោះស្ថិតនោះ ហើយប្រសិន​បើ​អចល​ន​ទ្រព្យ​នោះស្ថិតនៅក្នុងរាជធានីភ្នំពេញ អ្នកជាប់ពន្ធអាចទៅបង់ពន្ធ​នៅ​អគ្គនាយកដ្ឋានពន្ធដារបាន ប៉ុន្តែនៅពេលខាង​មុន​អាច​នឹង​​មានដោយសារកំពុងស្ថិតក្នុងដំណាក់កាលសិក្សានៅឡើយ ៕

Comments