ការសម្រេចរបស់រដ្ឋាភិបាលនាពេលថ្មីៗនេះក្នុងការបញ្ឈប់ការចេញអាជ្ញាប័ណ្ណល្បែងស៊ីសងតាមអ៊ិនធឺរណែតបានធ្វើឲ្យមានការព្យាករដល់ការប៉ះពាល់ដល់លំហូរដើមទុនវិនិយោគ និងភ្ញៀវមកពីប្រទេសចិនហើយប៉ះពាល់តដល់វិស័យអចលនទ្រព្យ។
ទោះយ៉ាងណាអ្នកនៅក្នុងវិស័យអចលនទ្រព្យបានលើកឡើងថាការសម្រេចនេះ នឹងជួយបង្កើនគុណភាពនៃការវិនិយោគនៅកម្ពុជា ហើយផលប៉ះពាល់នឹងអាចកើតមានត្រឹមរយៈពេលខ្លីប៉ុណ្ណោះ។
អាជីវកម្មល្បែងនៅក្នុងប្រទេសកម្ពុជា អាចជាមូលហេតុចម្បងមួយដែលធ្វើឲ្យមានកំណើនការវិនិយោគ និងភ្ញៀវទេសចរមកពីប្រទេសចិននៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្រុងព្រះសីហនុនៅភាគខាងត្បូងនិងប៉ោយប៉ែតជាប់ព្រំដែនជាមួយថៃហាក់ដូចជាចំណុចស្នូលនៃកំណើននេះ។ ទីក្រុងទាំងពីរមានឧស្សាហកម្មកាស៊ីណូដែលបានបង្កើតឡើងយ៉ាងលឿន។
អ្វីៗនៅដំណើរការដូចធម្មតារហូតដល់ពាក់កណ្តាលខែមុន។
នោះគឺជាពេលដែលលោកនាយករដ្ឋមន្រ្តីហ៊ុនសែនបានចេញសេចក្តីណែនាំមួយដែលបានបញ្ឈប់ការចេញលិខិតអនុញ្ញាតអោយលេងល្បែងតាមអ៊ីនធឺណេត ក្នុងគោលដៅលុបបំបាត់ការជំរិតទារប្រាក់តាមអ៊ិនធរណេត។ អាជ្ញាប័ណ្ណដែលបានផ្តល់រួចហើយ មានសពុលភាពត្រឹមដំណាច់ឆ្នាំនេះប៉ុណ្ណោះ។
ប្រភពព័ត៌មានក្នុងស្រុកកំពុងរាយការណ៍ថាកន្លែងលេងល្បែងជាច្រើនបានបិទទ្វាររួចជាស្រេច ហើយជនជាតិចិនរាប់ពាន់នាក់បានចាកចេញពីក្រុងព្រះសីហនុ។
គ្រាន់តែមួយសប្តាហ៍បន្ទាប់ពីសេចក្តីសម្រេចថ្ងៃទី១៨ ខែសីហា ក្រសួងមហាផ្ទៃបានបណ្តេញជនជាតិចិនចំនួន ១៥០ នាក់ពាក់ព័ន្ធនឹងការឆបោកល្បែងស៊ីសងតាមអ៊ីនធើណិតដែលកំពុងដំណើរការចេញពីក្រុងព្រះសីហនុ និងក្រុងបាវិត។
ការធ្លាក់ចុះតម្រូវការនៅក្រុងព្រះសីហនុ
អ្នកនៅក្នុងខេត្តព្រះសីហនុបាននិយាយថា តម្រូវការបន្ទប់ស្នាក់នៅទាំងនៅសណ្ឋាគារ និងផ្ទះសំណាក់នៅបានធ្លាក់ចុះយ៉ាងគម្ហក់ចាប់តាំងពីខែមុន។
លោក នួន រិទ្ធី ប្រធាននិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Khmer Appraisal Foundation បានលើកឡើងថាជនជាតិចិនដែលចាកចេញពីខេត្តព្រះសីហនុគឺជាទេសចរមកលេងល្បែងស៊ីសង ដែលមិនមែនជាអ្នកវិនិយោគទេ។
ជាលទ្ធផលនេះបានបណ្តាលឱ្យមានការធ្លាក់ចុះនៃតម្រូវការកន្លែងស្នាក់នៅអាហារនិងសេវាកម្មផ្សេងៗ។
យ៉ាងណាក៏ដោយ លោករិទ្ធី បានអះអាងថាវិស័យវិនិយោគផ្សេងទៀតនៅក្នុងប្រទេស ដូចជាអចលនទ្រព្យ សំណង់ ទេសចរណ៍ និងវាយនភ័ណ្ឌគឺនៅបន្តខ្លាំងដដែល។
លោកលើកឡើងថា៖«ការសម្រេចបញ្ឈប់ការចេញអាជ្ញាប័ណ្ណល្បែងស៊ីសងគឺជាយុទ្ធសាស្ត្រដ៏ល្អមួយដើម្បីច្រោះយកវិនិយោគិនល្អ…ដែលនឹងផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលវែង»។
លោកបន្តថា៖«ខ្ញុំជឿជាក់ថាការសម្រេចចិត្តនេះនឹងផ្តល់នូវអត្ថប្រយោជន៍យូរអង្វែងហើយខេត្តព្រះសីហនុនឹងក្លាយជាគោលដៅល្អបំផុតសម្រាប់វិស័យទេសចរណ៍និងពាណិជ្ជកម្មនាពេលអនាគតដ៏ខ្លីខាងមុខនេះ»។
ក្រុងព្រះសីហនុ ក្រុងបាវិត និងក្រុងប៉ោយប៉ែត គឺជាមជ្ឈមណ្ឌលសំខាន់នៃឧស្សាហកម្មល្បែងតាមអ៊ិនធរណេតរបស់ប្រទេសកម្ពុជា។ តំបន់ទាំងបីនេះត្រូវបានគេរាយការណ៍ថាបានឃើញជនជាតិចិនចាកចេញយ៉ាងគម្ហក់បន្ទាប់ពីមានការសម្រេចបញ្ឈប់អាជីវកម្មល្បែងអនឡាញ។
លោក គីម ហ៊ាង នាយកប្រតិបត្តិក្រុមហ៊ុនខ្មែររៀលអ៊ីស្ទេត បានអះអាងថាការហាមឃាត់អាជីវកម្មល្បែងស៊ីសងតាមអ៊ីនធឺណិតនៅកម្ពុជានឹងធ្វើឱ្យប៉ះពាល់ដល់តម្លៃដីធ្លីនៅក្រុងព្រះសីហនុ ក្រុងប៉ោយប៉ែត និងក្រុងបាវិត។
ទោះយ៉ាងណាលោកបានបន្ថែមថាវាគ្រាន់តែជាផលប៉ះពាល់រយៈពេលខ្លីប៉ុណ្ណោះហើយនឹងផ្តល់ផលល្អសម្រាប់កំណើនរយៈពេលវែង។
ដីនៅក្រុងព្រះសីហនុដែលត្រូវបានដាក់លក់ក្នុងតម្លៃតែ ២០០ ដុល្លារក្នុងមួយម៉ែត្រការ៉េកាលពី ៣ ឆ្នាំមុនត្រូវបានកើនដល់តម្លៃប្រហែល ៣,០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េនា ពេលនេះ ដោយសារកំណើនជនជាតិចិន។
ដូច្នេះការចាកចេញយ៉ាងគម្ហាក់ភ្លាមៗអាចធ្វើឲ្យប៉ះពាល់ក្នុងកម្រិតណាមួយ។
លោក គីម ហ៊ាង បានលើកឡើងថា៖ «ក្នុងរយៈពេលវែងការសម្រេចចិត្តនេះនឹងផ្តល់នូវគុណ សម្បត្តិធំ ៗ សម្រាប់ម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាហើយការបន្តអាជ្ញាប័ណ្ណប្រតិបត្តិការ បច្ចុប្បន្នសម្រាប់រយៈពេលមួយឆ្នាំទៀតគឺជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់ទាំងអស់គ្នា»៕
ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅក្រុងព្រះសីហនុ និងអចលនទ្រព្យសម្រាប់ជួលនៅក្រុងព្រះសីហនុ នៅថ្ងៃនេះ!
Comments