ក្រោយរងឥទ្ធិពលពីជំងឺកូវីដ-១៩អស់រយៈពេល២ឆ្នាំកន្លងមកនេះ កម្ពុជាទើបតែបានធូរស្រាលបានមួយរយៈដែលធ្វើឱ្យអ្នកវិនិយោគទាំងក្នុង និងក្រៅស្រុកក៏ដូចជាអ្នកជំនាញសេដ្ឋកិច្ច និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យជាដើមហាក់មានក្តីរំពឹងខ្ពស់ចំពោះការស្តារសេដ្ឋកិច្ចក៏ដូចជាវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជាឡើងវិញ ។
ប៉ុន្តែដើមឆ្នាំ២០២២នេះមេរោគបំប្លែងថ្មីអូមីក្រុងបានវាយលុកក្នុងប្រទេសកម្ពុជាជាថ្មីដែលអាចធ្វើឱ្យមានការរាំងស្ទះចំពោះវិស័យមួយចំនួនជាពិសេសវិស័យអចលនទ្រព្យ និងការសាងសង់សំណង់តែម្តង ដែលវាអាចជាបញ្ហាចោទ និងជាកត្តាមួយធ្វើឱ្យវិនិយោគិនក្នុង និងក្រៅស្រុកមានការព្រួយបារម្ភចំពោះការជះឥទ្ធិពលរបស់មេរោគបំប្លែងថ្មីអូមីក្រុងនេះលើវិស័យអចលនទ្រព្យ ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោក ច្រឹក សុខនីម បានមានប្រសាសន៍ថា ថ្វីត្បិតតែមេរោគបំប្លែងថ្មីអូមីក្រុងដែលជាកូវីដ-១៩ប្រភេទថ្មីវាមានចំនួនឆ្លងច្រើនក៏ពិតមែន តែវាងាយស្រួលក្នុងការព្យាបាល ហើយរហូតមកដល់ពេលនេះនៅមិនទាន់មានអ្នកជំងឺស្លាប់ដោយសារជំងឺកូវីដប្រភេទអូមីក្រុងនៅឡើយទេ ។
លោក ច្រឹក សុខនីម បន្តថា មានប្រទេសជាច្រើនកំពុងរៀបចំដាក់ជំងឺកូវីដ-១៩ជាប្រភេទជំងឺផ្តាសាយធម្មតាដែលអ្នកជំងឺអាចរកទិញថ្នាំនៅតាមឱសថស្ថានដើម្បីព្យាបាលបាន ដូច្នេះលោកយល់ថា អ្នកវិនិយោគនៅតែអាចបន្តសកម្មភាពវិនិយោគរបស់ខ្លួនបានដដែល ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងបន្ថែមថា ការចូលរួមពីសំណាក់ប្រជាពលរដ្ឋកម្ពុជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលអាចជំរុញសកម្មភាពវិនិយោគក្នុងប្រទេសកម្ពុជាឱ្យមានកំណើនឡើងវិញ ៕
Comments