+85561 777 090
Logo
សហគ្រិនវ័យក្មេងក្នុងវិស័យឌីជីថល
Updated on: June 6, 2022, 11:34 p.m.
Published on: May 4, 2018, 5:21 p.m.

សហគ្រិនវ័យក្មេងក្នុងវិស័យឌីជីថល


បច្ចុប្បន្នលោក យ៉ន សុភារិទ្ធិគឺជា​ស្ថាបនិក និងជានាយកគ្រប់គ្រងរបស់គេហទំព័រ  BizKhmer ដែលជា​ប្រព័ន្ធផ្សព្វផ្សាយឌីជីថលប្រកបដោយ​វិជ្ជាជីវៈ​​ផ្ដោត​សំខាន់​ទៅ​លើ​អត្ថបទ​សហគ្រិន​ភាព  អប់រំ ​​អាជីវកម្ម​ និង​អចលនទ្រព្យ និង​កំពុង​តែ​រៀប​ចំ​បង្កើត​អាជីវកម្ម​​ជួយ​ជ្រោមជ្រែង​អាជីវកម្ម​ខ្នាត​តូចនិង​មធ្យម​​មួយ​ទៀត​​ដែល​ផ្ដោត​ទៅ​លើ​ការ​ផ្ដល់ដំណោះស្រាយលើ​ការ​រៀបចំ​ប្រព័ន្ធ​គ្រប់គ្រង​​និង​​អភិវឌ្ឍន៍។

ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់បទពិសោធន៍ និងឬសគល់នៃការតស៊ូក្នុងវិស័យអនឡាញជាង១០ឆ្នាំកន្លងមកនេះហើយបានឈានដល់ការបង្កើតក្រុមហ៊ុនផងនោះ Realestate.com.kh បានសម្ភាសន៍ជាមួយលោក សុភារិទ្ធិ ដោយផ្ទាល់ដើម្បីបកស្រាយពីចំណុចទាំងនេះ។​  ​

លោក សុភារិទ្ធិ បានធ្វើការនៅក្នុងប្រព័ន្ធផ្សព្វផ្សាយទំនាក់ទំនងបណ្តុះបណ្តាលប្រឹក្សាយោបល់ និងបានបង្រៀននៅក្នុងវិស័យនេះជិត១០ឆ្នាំ​មក​ហើយមុនពេលលោក និង​ដៃគូ​ចាប់ផ្តើមបង្កើតគេហទំព័រ BizKhmer​ នៅចុងឆ្នាំ២០១៥។

ក្នុងបទពិសោធន៍ការងាររបស់លោក លោកធ្លាប់ធ្វើការ​នៅ​ក្រុមហ៊ុន​អនឡាញ​ធំ​ជាង​គេ​​នៅ​កម្ពុជា​ Sabay និង​ក្រុមហ៊ុន​អនឡាញ​មួយ​ចំនួនទៀត និង​ចុង​ក្រោយ​បំពេញ​ការងារ​​ជាប្រធានផ្នែក​ទំនាក់ទំនង​​នៅក្រុមហ៊ុន Phnom Penh City Center​ ដែលជាក្រុមហ៊ុនវិនិយោគអចលនទ្រព្យដ៏ធំបំផុតនៅកម្ពុជា។

ចាប់តាំងពីឆ្នាំ២០១៤មក​ដល់​បច្ចុប្បន្ន​ លោកក៏បានធ្វើជាគ្រូបង្រៀននៅ​តាម​សាកលវិទ្យាល័យ​មួយ​ចំនួននៅ​កម្ពុជា​ដោយបណ្តុះបណ្តាល មុខវិជ្ជាពាក់ព័ន្ធទៅនឹងយុទ្ធសាស្ត្រនៃការគ្រប់គ្រង សហគ្រិនអន្តរជាតិ ការធ្វើផែនការបង្កើតអាជីវកម្ម​ សេដ្ឋកិច្ច ​មីក្រូ​សេដ្ឋកិច្ច ​ម៉ាក្រូ​សេដ្ឋកិច្ច​ ការបកប្រែប្រព័ន្ធផ្សព្វផ្សាយសិល្បៈ​នៃ​ការ​ការ​សេរសេរ​សេចក្តី​ប្រកាស​ព័ត៌មាន ការ​ធ្វើ​ទីផ្សារ​បែប​ទំនើប​ និងជំនាញផ្សេងៗទៀតដែលពាក់ព័ន្ធនឹងអាជីវកម្ម និងឌីជីថល។ ​លោកក៏ បានបង្រៀនផ្នែកអាជីវកម្ម និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល​ដល់​ម្ចាស់​សហគ្រាស​ខ្នាត​តូច​ជា​ច្រើន​ទាំង​នៅ​ភ្នំពេញ​ និង​នៅ​តាម​បណ្ដា​​ខេត្ត​ជាច្រើនផងដែរ។

ទាក់ទងនឹងការសិក្សាវិញ លោកសុភារិទ្ធិ បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតសហគ្រិនភាព​ដើម្បី​សង្គម​និង​វប្បធម៌​ (Social ​and Cultural Entrepreneurship) សាកលវិទ្យាល័យ Université Lumière Lyon 2  និងផ្នែកសហគ្រិនភាព និងការគ្រប់គ្រង​នវានុវត្តន៍ពីសាកលវិទ្យាល័យ University of Lille I នៅក្នុងឆ្នាំ ២០១៦ ។

លោកសុភារិទ្ធិ បានឲ្យដឹងថាក្នុងជីវិតការងារនៅក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ និងអចលនទ្រព្យក៏ដូចជាការធ្វើអាជីវកម្មនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ និងប្រឹក្សាយោបល់គឺតែងតែមានការប្រកួតប្រជែង និងវិវត្តន៍ទៅមុខជានិច្ច ហើយ​រឹត​តែ​ខ្លាំង​ឡើងៗ​ថែម​ទៀត​ផង។ លោកនិយាយថា “រយៈពេល​ប្រមាណ​ជា ៤​ឆ្នាំ​ចុង​ក្រោយ​នេះ​ ​ខ្ញុំបានប្តេជ្ញាចិត្ត ក្នុងការចែករំលែកអំពី ការ​ទំនាក់ទំនង និង​កិច្ចការ​ជា​ច្រើន ​ក្នុង​វិស័យ​ប្រព័ន្ធផ្សព្វផ្សាយ ​ការ​រៀបចំ​ផែនការ​អាជីវកម្ម បណ្ដាញ​សង្គម និង​យុទ្ធសាស្ត្រពាណិជ្ជកម្ម ​និងជួយប្រឹក្សាយោបល់ដល់ម្ចាស់សហគ្រាសខ្នាតតូច និងមធ្យម និង​បង្រៀន​​ជំនាញ​សារព័ត៌មាន​ដល់​និស្សិត​ដែល​នឹង​ក្លាយ​ទៅ​ជា​អ្នក​សារព័ត៌មាន​នា​ពេល​ឆាប់ៗខាង​មុខនេះ” ។

មូលហេតុដែលលោក នៅតែប្រឹងប្រែងនៅក្នុងវិស័យនេះ គឺដោយសារតែលោកមើលឃើញថា​បច្ចុប្បន្ននេះចំនួនអ្នកប្រើប្រាស់អ៊ីនធើណិតនៅកម្ពុជាកំពុងតែកើនឡើង​ក្នុង​សន្ទុះ​ដ៏​ខ្លាំងក្លាជាក់ស្ដែង​ត្រឹម​​ដើម​ឆ្នាំ​២០១៨នេះ​ ៥០%​នៃ​ប្រជាជន​កម្ពុជា​អាច​​ប្រើ​ប្រាស់​អ៊ីនធឺណិត​បាន។ អីចឹង​ហើយ​ជា​យើង​សង្កេត​ឃើញ​ថា​គ្រប់គ្នាចាប់ផ្តើមចំណាយពេលវេលាច្រើនលើប្រព័ន្ធអនឡាញជាងការអានកាសែត ស្តាប់វិទ្យុ ឬមើលទូរស្សន៍។ ដោយ​សារ​តែ​និន្នាការ​នេះ​នឹង​បន្ត​កើន​ឡើង​ទៅ​មុខ​ទៀត​ ហើយ​ស្រប​ពេល​ដែល​គេហទំព័រ​ជា​ច្រើន​ផ្ដោត​ទៅ​លើ​ការ​កម្សាន្ត និង​ព័ត៌មាន​សន្តិសុខ​សង្គម​ទូទៅដូចនេះទើបនៅចុងឆ្នាំ២០១៥​យើងបានសម្រេចចាប់ផ្តើមដំណើរគេហទំព័រ Bizkhmer ជាផ្លូវការ​ក្នុង​គោលដៅ​ផ្ដល់​នូវ​អត្ថបទ​ជា​លក្ខណៈ​អប់រំ​រាល់​គ្រប់​ទម្រង់​ដើម្បីចូលរួមចំណែក​បន្តិច​បន្តួច​ដល់​ការ​​​ផ្លាស់ប្ដូរ​ការ​គិត​របស់​យុវជន​យើង។

លោក សុភារិទ្ធិ បានលើកឡើងថា គេហទំព័រ Bizkhmer ផ្តោតសំខាន់លើការផ្តល់ចំណេះដឹង ដែលមានប្រយោជន៍ដល់អ្នកអាន ជាពិសេសគ្របដណ្តប់លើ​​អាជីព ចំណេះដឹងទូទៅ និង​អាជីវកម្ម។

ជាដំបូន្មានសម្រាប់សហគ្រិន និងយុវជនជំនាន់ក្រោយដែលចាប់អារម្មណ៍ក្នុងការចាប់ផ្តើមអាជីវកម្ម ឬអាជីពនៅក្នុងប្រព័ន្ធឌីជីថល លោក សុភារិទ្ធិបានលើកទឹកចិត្តឲ្យមានការប្តេជ្ញាចិត្ត ខ្ពស់ ដោយហេតុថា ​ការ​ចាប់ផ្ដើមអាជីវកម្មណាមួយមិនងាយស្រួលនោះ​ឡើយ ហើយថែមទាំងពិបាកជាងអ្វីដែល​យើង​បាន​ធ្វើ​ផែនការ​ និង​​គិតទៅទៀត។ ​ទន្ទឹមនឹង​ការ​លះបង់យើង​ត្រូវ​ចេះ​ច្នៃ​ប្រឌិតនិង​បង្កើត​ឱ្យ​បាន​នូវ​គុណតម្លៃ​ (value proposition) សម្រាប់​​អតិថិជន និង​បុគ្គល​ដែល​ពាក់ព័ន្ធ​ក្នុង​អាជីវកម្ម​របស់​យើង។

ទោះជាយ៉ាងណា លោក សុភារិទ្ធិ បានលើកឡើង​៣ចំណុចជាគន្លឹះសម្រាប់អ្នកដែលពិតជាចង់ក្លាយជាសហគ្រិនជាពិសេសនៅក្នុងវិស័យឌីជីថល។ អ្នកត្រូវមានផែនការអាជីវកម្មត្រឹមត្រូវ និងច្បាស់លាស់មួយដែលបង្ហាញពីទិសដៅនៃអាជីវកម្មរបស់អ្នកទៅអនាគត ក៏ដូចជាវិធីសាស្រ្តដែលធ្វើឲ្យផែនការទំាងនោះឆ្ពោះទៅរកភាពជោគជ័យ។

លើសពីនេះគំនិតច្នៃប្រឌិតក៏ដើរតួយ៉ាងសំខាន់ដែលមានន័យថាអ្នកត្រូវតែមានអ្វីដែលថ្មី និងប្លែកពីគេដើម្បីអាចប្រកួតប្រជែងទីផ្សារបាន។ កត្តាដែលសំខាន់មួយទៀតគឺអ្នកត្រូវតែ "ខិតខំធ្វើការឲ្យអស់កំលាំងកាយនិងកំលាំងចិត្ត"។ ដើម្បីសម្រេចក្តីសុបិន្តរបស់អ្នកការធ្វើការនៅក្នុងវិស័យមួយនេះបានទាមទារអោយអ្នកចំណាយពេលវេលាច្រើនបំផុតសូម្បីតែនៅថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកក៏ដោយ៕

ស្វែងរកព័ត៌មានចុងក្រោយបំផុតអំពីអចលនទ្រព្យកម្ពុជាតាមរយៈ Realestate.com.kh!

Comments