នៅក្នុងការចុះទស្សនកិច្ចផ្លូវរដ្ឋនៃសាធារណៈរដ្ឋប្រជាមានិតចិនមកកាន់ប្រទេសកម្ពុជា រយៈពេលពីរថ្ងៃ នៅថ្ងៃទី ១៣ និង ១៤ ខែតុលាឆ្នាំ២០១៦កន្លងទៅនេះ ដែលមានវត្តមានចូលរួមដ៏ខ្ពង់ខ្ពស់ពីនាយករដ្ឋមន្ត្រីប្រទេសកម្ពុជា និងប្រធានាធិបតីនៃប្រទេសចិន។
ដំណើរទស្សនៈកិច្ចនេះកម្ពុជាសម្រេចបាននូវកិច្ចព្រមព្រៀង និងអនុសារណៈយោគយល់គ្នាចំនួន ៣១ ចំណុចទាក់ទងនឹងវិស័យផ្សេងៗគ្នារួមមាន ការពង្រឹងកិច្ចសហការអន្តរជាតិ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ពាណិជ្ជកម្ម) ពន្ធដារ ការអនុវត្តន៍ច្បាប់ ឧស្សាហកម្ម និងសិប្បកម្ម ប្រព័ន្ធធារាសាស្រ្ត ហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រងធនធានទឹក និងបរិស្ថាន។
ជាមួយគ្នានោះដែរនៅរសៀលថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០១៦ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលរដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើគម្រោងសាងសង់ចំនួន៣សំខាន់ៗជាមួយភាគីចិន ដែលគ្រោងនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០១៧ខាងមុខ។
គម្រោងទាំងបីដែលនឹងចាប់ផ្តើមថ្មីនេះមានដូចជា៖ គម្រោងផ្លូវល្បឿនលឿនពីភ្នំពេញទៅកាន់ក្រុងព្រះសីហនុ គម្រោងស្តារឡើងវិញនូវផ្លូវជាតិលេខ១១ អ្នកលឿង-ថ្នល់ទទឹង និងគម្រោងស្ពានឆ្លងទន្លេមេគង្គក្រូចឆ្មារ-ស្ទឹងត្រង់ ។
គម្រោងផ្លូវល្បឿនលឿនពីភ្នំពេញទៅកាន់ក្រុងព្រះសីហនុ៖
សម្រាប់គម្រោងនេះជាប្រភេទគម្រោងដែលនឹងដំណើរការសាងសង់ និងគ្រប់គ្រងដោយក្រុមហ៊ុនឯកជន មុននឹងផ្ទេរជូនរាជរដ្ឋាភិបាល ហើយនឹងត្រូវអភិវឌ្ឍន៍ដោយក្រុមហ៊ុនសាងសង់ស្ពានថ្នល់របស់ចិន China Road & Bridge Corporation (CRBC)។
គម្រោងនេះគ្រោងនឹងចំណាយទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ប្រមាណជាង ១,៩០០ លានដុល្លារ នេះបើតាមការលើកឡើងរបស់លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល។
គម្រោងផ្លូវជាតិលេខ ១១ អ្នកលឿង-ថ្នល់ទទឹង៖
គម្រោងស្តារឡើងវិញនូវផ្លូវជាតិដែលមានស្រាប់គឺផ្លូវជាតិលេខ១១ចេញពីអ្នកលឿងទៅថ្នល់ទទឹង អភិវឌ្ឍន៍ដោយក្រុមហ៊ុនគ្រប់គ្រងការសាងសង់ក្វាងចូវវ៉ានអាន។ គម្រោងនេះនឹងចំណាយទឹកប្រាក់ប្រមាណ៩៨លានដុល្លារអាមេរិកលើផ្លូវដែលមានប្រវែង៩៦,៤៨១គីឡូម៉ែត្រនិងតួផ្លូវមានទំហំទទឹង១១ម៉ែត្រ។
គម្រោងសាងសង់ស្ពាន ឆ្លងកាត់ទន្លេមេគង្គ ក្រូចឆ្មារ-ស្ទឹងត្រង់៖
ចំណែកគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ នៅក្នុងស្រុកក្រូចឆ្មារខេត្តត្បួងឃ្មុំទៅស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម គម្រោងនេះនឹងត្រូវចំណាយថវិការសរុបជិត ៥៧ លានដុល្លារសហរដ្ឋអាមេរិក ជាមួយនឹងស្ពានដែលមានប្រវែង ១,១៣១ ម៉ែត្រ ដែលមានទំហំទទឹង ១៣.៥០ ម៉ែត្រ។
សូមបញ្ជាក់ផងដែរថា ជាមួយនឹងគម្រោងសាងសង់ស្ពាន់ដដែលនេះ ក៏មានគម្រោងត្រួតពិនិត្យលើបច្ចេកទេស ដែលជាគម្រោងមួយផ្សេងទៀតដើម្បីត្រួតពិនិត្យលើគម្រោងសាងសង់ស្ពានមួយនេះ ដែលនឹងត្រូវសហការគ្នាក្នុងការសាងសង់ជាមួយក្រុមហ៊ុនគ្រប់គ្រងការសាងសង់ក្វាងចូវវ៉ានអាន។
សម្រាប់លទ្ធផលទាំង៣១ចំណុចនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុសារណៈយោគយល់គ្នារវាងកម្ពុជា-ចិន ក្នុងចំណោមនោះក៏នូវមានការព្រមព្រៀងមួយចំនួនទៀតផងដែរ ដែលបានផ្តោតទៅលើវិស័យអចលទ្រព្យដែលនឹងត្រូវ ធ្វើការអភិវឌ្ឍន៍ក្នុងជំហានបន្តបន្ទាប់នៅពេលអនាគតដូចជា៖
- លិខិតប្តូរសារស្តីពីគម្រោង សាងសង់អាគារពេទ្យមិត្តភាពកម្ពុជា-ចិន
- កិច្ចព្រមព្រៀងឥណទានសម្បទានជាប្រាក់យ័នចិនសម្រាប់គម្រោងសាងសង់ផ្លូវជាតិលេខ៥១
- កិច្ចព្រមព្រៀងសម្បទានសម្រាប់ការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ
- កិច្ចព្រមព្រៀងឥណទានសម្បទានជាប្រាក់យ័នចិនសម្រាប់គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី២
- កិច្ចព្រមព្រៀងពិធីសារ សម្រាប់គម្រោងរោងចក្រអគ្គិសនីដើរដោយធ្យូវថ្ម ៤៥០មេហ្គាវ៉ាត់ នៅក្រុង ព្រះសីហនុ
Comments